រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហាមដាច់ខាតមិនត្រូវឱ្យមានការគាបសង្កត់ទាមទារប្រាក់ជាថ្នូរនឹងការបំពេញបែបបទប្រគល់រថយន្តជូនទៅប្រជាពលរដ្ឋដែលជាម្ចាស់រថយន្តនោះឡើយ !



ជាដំណឹងល្អមួយសម្រាប់ម្ចាស់រថយន្ត ឬអ្នកជួលរថយន្តឱ្យជនបរទេសយកទៅប្រើប្រាស់ ហើយត្រូវបានសមត្ថកិច្ចឃាត់អ្នកដែលជួលរថយន្តនោះ ពេលនេះម្ចាស់រថយន្តមានសង្ឃឹមនឹងទទួលរថយន្តវិញហើយ។ 




បើតាមលោក រ៉េន រតនៈ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០២៦នេះ បានបញ្ជាក់ក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនថា នៅក្នុងកិច្ចប្រជុំកាលពីម្សិលមិញថ្ងៃទី៤ ខែមេសា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំក្រុមប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទាំងអស់ ក្នុងករណីពលរដ្ឋខ្មែរ បានជួលរថយន្ត ឱ្យជនបរទេស ហើយជនបរទេស ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនពាក់ព័ន្ធបទល្មើស ដោយមានទាំងរថយន្តជួលនោះផង គឺសមត្ថកិច្ច ត្រូវរៀបចំបែបបទប្រគល់រថយន្តនោះ ឱ្យទៅម្ចាស់រថយន្តវិញ ក្នុងករណីមានឯកសារជួល និងឯកសារកម្មសិទ្ធិរថយន្តច្បាស់លាស់ ស្របតាមច្បាប់។


អ្នកនាំពាក្យបន្តថា ប្រមុខក្រសួងមហាផ្ទៃ ក៏បានសង្កត់ធ្ងន់ដែរថា ដាច់ខាតមិនត្រូវឱ្យមានការគាបសង្កត់ទាមទារប្រាក់ជាថ្នូរនឹងការបំពេញបែបបទប្រគល់រថយន្ត ជូនទៅពលរដ្ឋ ដែលជាម្ចាស់រថយន្តឡើយ៕

Previous Post Next Post