Update ករណីឃាតកម្មអា.ក. សម្លាប់ស្រ្តីម្នាក់នៅឆ្នេរអូរត្រេះ សមត្ថកិច្ចឃាត់ខ្លួនជនដៃដល់បានហើយតាមពិតជា...

កម្លាំងជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបើកប្រតិបត្តិការស្រាវជ្រាវយ៉ាងក្តៅគគុក រហូតឈានដល់ការឃាត់ខ្លួនស្រ្តីជនសង្ស័យម្នាក់ដែលបានធ្វើសកម្មភាពយ៉ាងសាហាវ យកកាំបិតអាកសម្លាប់មិត្តស្រីរបស់ខ្លួនឯងនៅតំបន់ឆ្នេរអូរត្រេះ កាលពីយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦។


យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង ២១និង៣០នាទីយប់ ស្ថិតនៅចំណុចបន្ទប់ទឹកលេខ ៩ ឆ្នេរអូរត្រេះ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ជនរងគ្រោះក្នុងអំពើឃាតកម្មនោះមានឈ្មោះ តាំង ស្រីនិច ភេទស្រី កើតឆ្នាំ១៩៩៩ ចំណែកឯជនសង្ស័យមានឈ្មោះ សុខ រស្មី ភេទស្រី អាយុ ២៤ឆ្នាំ មុខរបរបុគ្គលិកខារ៉ាអូខេ។ តាមការស៊ើបអង្កេតបឋម អ្នកទាំងពីរគឺជាគូស្នេហ៍ភេទដូចគ្នា ដែលបានស្រលាញ់គ្នាអស់រយៈពេលប្រហែល ២ឆ្នាំមកហើយ។


មុនពេលកើតហេតុ ជនសង្ស័យបានរៀបចំគម្រោងទុកជាមុនដោយយកកាំបិតចុងស្រួចដងឈើ មករុំជាមួយម៉ាស់ដាក់ក្នុងថង់ដើម្បីបន្លំ រួចក៏ទៅជួបជនរងគ្រោះនៅកន្លែងកើតហេតុ។ បន្ទាប់ពីមានជម្លោះពាក្យសម្តីគ្នាតិចតួច ជនសង្ស័យបានដកកាំបិតចេញពីថង់រួចធ្វើសកម្មភាពអាកជនរងគ្រោះបណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមភ្លាមៗនៅនឹងកន្លែង រួចក៏ជិះម៉ូតូគេចខ្លួនបាត់ស្រមោល។




ក្រោយទទួលព័ត៌មានភ្លាម កម្លាំងជំនាញព្រហ្មទណ្ឌខេត្តព្រះសីហនុ សហការជាមួយអធិការដ្ឋានក្រុង និងប៉ុស្តិ៍នគរបាលរដ្ឋបាលពាក់ព័ន្ធ បានស្រាវជ្រាវតាមជំនាញ រហូតដល់វេលាម៉ោង ០៣និង២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែឧសភា ទើបឈានដល់ការឃាត់ខ្លួនជនដៃដល់បាននៅចំណុចក្រោមផ្លូវល្បឿនលឿន ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីចំពោះអំពើឃាតកម្មគិតទុកជាមុននេះ៕






Previous Post Next Post