នាយប៉ុស្តិ៍នគរបាលរដ្ឋបាលម្នាក់បានរងរបួសដាច់សាច់ម្រាមដៃ និងមន្ត្រីម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីចុះអន្តរាគមន៍ឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ ដែលបង្កការអុកឡុក និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងហាងទំនិញមួយកន្លែង។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៦:២០ នាទីព្រឹកព្រលឹម ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅចំណុចហាងទំនិញ "Smile Mart" ក្បែរស្ពានអាកាសក្បាលថ្នល់ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ បុរសជនជាតិចិនខាងលើបានចូលទៅក្នុងហាង Smile Mart រួចធ្វើសកម្មភាពអុកឡុក បំផ្លិចបំផ្លាញទំនិញក្នុងហាងអស់មួយចំនួន និងថែមទាំងបានទាញដបស្រាគប់ទៅលើបុគ្គលិកហាងទៀតផង។ ភ្លាមៗនោះ បុគ្គលិកហាងបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានដើម្បីសុំការអន្តរាគមន៍។
ក្រោយទទួលព័ត៌មាន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ បានចុះទៅដល់ទីតាំងដើម្បីឃាត់ខ្លួនជនបង្ក។ ប៉ុន្តែក្នុងអំឡុងពេលប្រតិបត្តិការឃាត់ខ្លួន ជនជាតិចិនរូបនោះបានរុញច្រាន និងប្រើធ្មេញខាំទៅលើសមត្ថកិច្ច បណ្តាលឱ្យលោកនាយប៉ុស្តិ៍នគរបាលចាក់អង្រែលើ រងរបួសដាច់សាច់ម្រាមដៃយ៉ាងធ្ងន់ធ្ងរ និងមន្ត្រីនគរបាលប៉ុស្តិ៍ម្នាក់ទៀតរងរបួសដៃស្រាល។
បច្ចុប្បន្ន ជនបង្កត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់ស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ជាធរមាន៕









