កូនអភិបាលស្រុកម្នាក់បើករថយន្ត ទាំងស្រវឹងបុកក្មេងប្រុសម្នាក់របួសធ្ងន់ និងពោលពាក្យមើលងាយជីវិតមនុស្ស «បើងាប់ សង ២ម៉ឺនដុល្លារ បញ្ចប់រឿង»!
រាជធានីភ្នំពេញ៖ មានហេតុការណ៍ការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង ៨:៥០នាទីយប់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ១៧១១ ក្នុងសង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឫស្សីកែវ បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយមន្ត្រីរាជការម្នាក់ ដែលត្រូវបានគេដឹងថាជាកូនអភិបាលស្រុកមួយរូប។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ រថយន្តបង្កម៉ាក FORTHING ពាក់ស្លាកលេខ កម្ពុជា P.YEAN.7 បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹង បុកម៉ូតូមួយគ្រឿងម៉ាក HONDA TODAY ពាក់ស្លាកលេខ ភ្នំពេញ 1J-4604 ពេញទំហឹង បានបណ្តាលឱ្យក្មេងប្រុសម្នាក់រងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ។
អ្វីដែលធ្វើឱ្យប្រជាពលរដ្ឋខឹងសម្បារបំផុតនោះគឺ ក្រោយកើតហេតុ អ្នកបើកបរមិនបានបង្ហាញការទទួលខុសត្រូវ ឬសុំទោសនោះទេ ប៉ុន្តែបែរជាបោះពាក្យសម្តីមើលងាយជីវិតអ្នកដទៃថា «បើងាប់ សង ២ម៉ឺនដុល្លារ បញ្ចប់រឿង»។
ដោយសារតែពាក្យសម្តីអំនួត និងអាងអំណាចទឹកប្រាក់នេះ បានធ្វើឱ្យប្រជាពលរដ្ឋដែលនៅក្បែរនោះផ្ទុះកំហឹងយ៉ាងខ្លាំង រហូតឈានដល់ការប្រើហិង្សាម្នាក់មួយដៃមួយជើងទៅលើម្ចាស់រថយន្តបង្ក បណ្តាលឱ្យរងរបួសហូរឈាមពេញផ្ទៃមុខ។ ស្ថានភាពនេះអាចនឹងធ្ងន់ធ្ងរជាងនេះ ប្រសិនបើកម្លាំងសមត្ថកិច្ចមិនចុះមកអន្តរាគមន៍បានទាន់ពេលវេលា។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានខណ្ឌឫស្សីកែវ បានសហការជាមួយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកវាស់វែង និងស្ទូចយករថយន្ត និងម៉ូតូទៅរក្សាទុក ដើម្បីបន្តនីតិវិធីដោះស្រាយតាមច្បាប់។








