រថយន្តបាឡែនពាក់ផ្លាកលេខនគរបាល បុកម៉ូតូឌុបគ្នា ៤នាក់បណ្តាលឱ្យរងរបួសធ្ងន់ស្រាល រួចបើករត់គេច!
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងកាលពីវេលាម៉ោង ១២:០៥ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅចំណុចផ្លូវកោងលេខ 69BT ផ្លូវចូលវត្តដំបូកខ្ពស់ ក្នុងមូលដ្ឋានសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើកបរម៉ូតូម៉ាក Honda Dream ពាក់ផ្លាកលេខ ភ្នំពេញ 1KL-3199 បានឌុបប្រពន្ធ និងកូនប្រុសតូចៗចំនួន ២នាក់ ខណៈមកដល់ចំណុចកើតហេតុ ក៏ត្រូវបានរថយន្តមួយគ្រឿងម៉ាក Toyota Camry (បាឡែន) ពាក់ផ្លាកលេខ នគរបាល 2-5144 បើកមកបុកពេញទំហឹង បណ្តាលឱ្យក្មេងប្រុសម្នាក់រងរបួសធ្ងន់បាក់ដៃខាងឆ្វេង បុរសជាឪពុករងរបួសលើផ្ទៃមុខយ៉ាងខ្លាំង រីឯស្ត្រីជាប្រពន្ធ និងកូនម្នាក់ទៀតរងរបួសស្រាល។
ក្រោយពេលកើតហេតុ ភាគីខាងរថយន្តបានឈប់ចុះមកមើលមួយសន្ទុះដែរ ប៉ុន្តែឃើញសភាពមិនស្រួល ក៏បានបន្ថែមល្បឿនបើករថយន្តគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល ដោយទុកឱ្យជនរងគ្រោះដេកដួលក្នុងថ្លុកឈាមលើដងផ្លូវ។ ភ្លាមៗនោះ បងប្អូនម្ចាស់ផ្ទះដែលនៅក្បែរនោះ បានជួយទាក់ទងទៅគ្រូពេទ្យ ដើម្បីដឹកជនរងគ្រោះទៅសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ។
បច្ចុប្បន្ន ម៉ូតូរបស់ជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពុនទី២ ចំណែកឯក្រុមគ្រួសារជនរងគ្រោះ ត្រូវបានសមត្ថកិច្ចណែនាំឱ្យទៅដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីឱ្យសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវ តាមស្វែងរកម្ចាស់រថយន្តពាក់ផ្លាកលេខនគរបាលខាងលើ មកទទួលខុសត្រូវតាមនីតិវិធីច្បាប់៕ (ព័ត៌មានបឋម)






