ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្រសួងមហាផ្ទៃប្រមូលផ្តុំសេវាសាធារណៈឌីជីថលដល់ទៅ ១២ ប្រព័ន្ធ ដាក់លើគេហទំព័រតែមួយ
ដើម្បីឆ្ពោះទៅរកការកសាងរដ្ឋាភិបាលឌីជីថលយ៉ាងមានប្រសិទ្ធភាព និងការធ្វើឱ្យជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកាន់តែងាយស្រួល ក្រសួងមហាផ្ទៃកម្ពុជា បានរៀបចំសម្របសម្រួលសេវាសាធារណៈឌីជីថលសំខាន់ៗចំនួន ១២ ប្រព័ន្ធ ឱ្យរួមបញ្ចូលគ្នានៅលើគេហទំព័រតែមួយ (Single Portal)។ ការអភិវឌ្ឍនេះបានជួយកាត់បន្ថយភាពស្មុគស្មាញ សន្សំពេលវេលា និងលើកកម្ពស់ភាពតម្លាភាពក្នុងការផ្តល់សេវាដល់ប្រជាពលរដ្ឋ ឱ្យសមស្របនឹងបរិបទនៃយុគសម័យឌីជីថល។បងប្អូនប្រជាពលរដ្ឋអាចចូលប្រើប្រាស់សេវាទាំងនេះបានតាមរយៈបណ្តាញតែមួយ ដែលរួមមាន៖
១. ប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលកម្ពុជា (Cambodia e-Arrival)៖ ជួយសម្រួលដល់អ្នកដំណើរជាតិ និងអន្តរជាតិ ក្នុងការបំពេញបែបបទអន្តោប្រវេសន៍ គយ និងសុខាភិបាល មុនមកដល់កម្ពុជា រហូតដល់ ៧ថ្ងៃ។
២. ប្រព័ន្ធសេវាអនឡាញនៅអង្គភាពច្រកចេញចូលតែមួយ (ថ្នាក់រាជធានី-ខេត្ត)៖ អនុញ្ញាតឱ្យប្រជាពលរដ្ឋដាក់ពាក្យស្នើសុំសេវារដ្ឋបាលថ្នាក់ខេត្តពីចម្ងាយ ដោយមិនចាំបាច់មករង់ចាំផ្ទាល់។
៣. ប្រព័ន្ធសេវាអនឡាញការិយាល័យច្រកចេញចូលតែមួយ (ថ្នាក់ក្រុង-ស្រុក-ខណ្ឌ)៖ ជួយឱ្យការស្នើសុំសេវារដ្ឋបាលថ្នាក់មូលដ្ឋានកាន់តែលឿន និងមានប្រសិទ្ធភាព។
៤. សេវាអត្តសញ្ញាណកម្មអនឡាញ (Online Identification Service)៖ អាចបំពេញបែបបទស្នើសុំលិខិតឆ្លងដែន និងសេវាផ្សេងៗជាមុន តាមប្រព័ន្ធអនឡាញ។
៥. កម្មវិធីទូរស័ព្ទដៃអត្តសញ្ញាណកម្ម (GDI eServices)៖ អាចតាមដានស្ថានភាពសំណុំរឿង ផ្តល់មតិយោបល់ ស្នើសុំកែតម្រូវ និងស្វែងរកទីតាំងផ្តល់សេវា។
៦. ប្រព័ន្ធដាក់ពាក្យបណ្តឹងអនឡាញ៖ ជាវេទិកាឲ្យប្រជាពលរដ្ឋរាយការណ៍អំពីបទល្មើសបច្ចេកវិទ្យា ការឆបោកអនឡាញ ឬបញ្ហាផ្សេងៗទៅអាជ្ញាធរដោយផ្ទាល់។
៧. កម្មវិធី “មតិយើង” (Mate Yerng App)៖ ប្រើសម្រាប់ទទួលយកមតិយោបល់ និងដោះស្រាយពាក្យបណ្តឹងពាក់ព័ន្ធនឹងសេវាសាធារណៈ។
៨. កម្មវិធី NoDrug៖ អនុញ្ញាតឱ្យរាយការណ៍ករណីសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន និងផ្តល់ព័ត៌មានអប់រំពីផលប៉ះពាល់របស់វា។
៩. ប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសនៅកម្ពុជា (FPCS)៖ ជួយឱ្យម្ចាស់ផ្ទះ ឬសណ្ឋាគារ រាយការណ៍ការស្នាក់នៅរបស់ជនបរទេសបានត្រឹមត្រូវតាមច្បាប់។
១០. ប្រព័ន្ធគ្រប់គ្រងការប្រកាសដេញថ្លៃឃុំ-សង្កាត់៖ អនុញ្ញាតឱ្យសាធារណជនតាមដាន និងស្វែងរកព័ត៌មានអំពីគម្រោងដេញថ្លៃអភិវឌ្ឍន៍តាមមូលដ្ឋាន។
១១. កម្មវិធីសេវាព័ត៌មាន និងជំនួយបន្ទាន់ពីនគរបាល (Call 117)៖ ផ្តល់ភាពងាយស្រួលក្នុងការទំនាក់ទំនង និងស្វែងរកជំនួយពីនគរបាលនៅពេលមានអាសន្ន។
១២. ប្រព័ន្ធគ្រប់គ្រងទិន្នន័យអត្រានុកូលដ្ឋានរួម៖ ជួយសម្រួលដល់ការគ្រប់គ្រង ស្វែងរក និងប្រើប្រាស់ទិន្នន័យបញ្ជីជាតិ (តាមការអនុញ្ញាត)។
សរុបមក ប្រព័ន្ធទាំងនេះបានរួមចំណែកធ្វើឱ្យសេវាសាធារណៈកាន់តែងាយស្រួល រហ័ស និងមានតម្លាភាព សមស្របនឹងយុគសម័យឌីជីថល។
បងប្អូនប្រជាពលរដ្ឋអាចស្វែងរកសេវាទាំង ១២ នេះបានយ៉ាងងាយស្រួល ដោយគ្រាន់តែចូលទៅកាន់គេហទំព័ររួម៖ https://www.interior.gov.kh/tech_application_suite សូមអរគុណ។





