បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិប្រចាំនៅលីបង់ (UNIFIL) បាននិយាយថា កងកម្លាំងរក្សាសន្តិភាពម្នាក់បានស្លាប់ នៅពេលដែលគ្រាប់ផ្លោងមួយគ្រាប់បានផ្ទុះនៅទីតាំងមួយរបស់ខ្លួន នៅជិតភូមិ Adchit al-Qusayr ភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃអាទិត្យ (ថ្ងៃទី 29 ខែមីនា)និងកងកម្លាំងរក្សាសន្តិភាពម្នាក់ទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយនៅព្រឹកថ្ងៃចន្ទ។
ក្រសួងការបរទេស ឥណ្ឌូនេស៊ី បាននិយាយកាលពីថ្ងៃចន្ទថា កងកម្លាំងរក្សាសន្តិភាពដែលបានស្លាប់នោះ គឺជាពលរដ្ឋម្នាក់របស់ខ្លួន ហើយមនុស្សបីនាក់ផ្សេងទៀតបានរងរបួសដោយការបាញ់កាំភ្លើងធំដោយប្រយោល នៅជិតទីតាំងកងឯកភាព UNIFIL ឥណ្ឌូនេស៊ី ក្បែរ Adchit al-Qusayr។
អ្នកនាំពាក្យ UNIFIL បានមានប្រសាសន៍ថា “យើងមិនដឹងពីប្រភពដើមនៃគ្រាប់ផ្លោងនោះទេ យើងបានចាប់ផ្តើមការស៊ើបអង្កេតមួយដើម្បីកំណត់” ។កងកម្លាំង UNIFIL ឈរជើងនៅភាគខាងត្បូងប្រទេសលីបង់ ដើម្បីតាមដានអរិភាពតាមបណ្តោយខ្សែបន្ទាត់ព្រំដែនជាមួយអ៊ីស្រាអែល ដែលជាតំបន់មួយដែលស្ថិតនៅចំកណ្តាលនៃការប៉ះទង្គិចគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមយុទ្ធជន Hezbollah ដែលគាំទ្រដោយអ៊ីរ៉ង់។
បេសកកម្មនេះ ដែលនឹងត្រូវផ្អាកនៅចុងឆ្នាំ ២០២៦ ត្រូវបានជាប់គាំងម្តងម្កាលនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល និងហេសបូឡាក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ។
នៅថ្ងៃទី 6 ខែមីនា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសហ្គាណា បាននិយាយថា ទីស្នាក់ការកណ្តាលនៃកងវរសេនាធំរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសលីបង់ ត្រូវបានវាយប្រហារដោយមីស៊ីល ដែលធ្វើឱ្យទាហានពីរនាក់រងរបួសយ៉ាងធ្ងន់ធ្ងរ។
ក្រោយមក យោធាអ៊ីស្រាអែលបានទទួលស្គាល់ថា ការបាញ់រថក្រោះរបស់ខ្លួនបានវាយប្រហារទីតាំងមួយរបស់អង្គការសហប្រជាជាតិនៅភាគខាងត្បូងប្រទេសលីបង់នៅថ្ងៃនោះ ដែលធ្វើឱ្យកងកម្លាំងរក្សាសន្តិភាពហ្គាណារងរបួស។
យោធាបាននិយាយថា កងទ័ពរបស់ខ្លួនបានឆ្លើយតបទៅនឹងការបាញ់មីស៊ីលប្រឆាំងរថក្រោះពីក្រុមហេសបូឡា ដែលបានបង្កឱ្យទាហានរបស់ខ្លួនពីរនាក់រងរបួសកម្រិតមធ្យម។
UNIFIL បាននិយាយថា «ជាថ្មីម្តងទៀត យើងសូមអំពាវនាវដល់តួអង្គទាំងអស់ឱ្យគោរពកាតព្វកិច្ចរបស់ពួកគេក្រោមច្បាប់អន្តរជាតិ និងធានាសុវត្ថិភាព និងសន្តិសុខរបស់បុគ្គលិក និងទ្រព្យសម្បត្តិរបស់អង្គការសហប្រជាជាតិគ្រប់ពេលវេលា រួមទាំងការចៀសវាងសកម្មភាពដែលអាចធ្វើឱ្យកងកម្លាំងរក្សាសន្តិភាពរងគ្រោះថ្នាក់»។
ឥណ្ឌូនេស៊ី បានថ្កោលទោសឧប្បត្តិហេតុនេះ ហើយបាននិយាយថា គ្រោះថ្នាក់ណាមួយចំពោះកងកម្លាំងរក្សាសន្តិភាពគឺមិនអាចទទួលយកបានទេ ខណៈពេលដែលបានបញ្ជាក់ជាថ្មីនូវការថ្កោលទោសរបស់ខ្លួនចំពោះ «ការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់»។
ប្រភព: CNA
កែសម្រួលដោយ: កញ្ញា ណាន សុខណែត

