ក្រុមហ៊ុនអាកាសចរណ៍ Air China ចាប់ផ្តើមជើងហោះហើរទៅកាន់កូរ៉េខាងជើងឡើងវិញ បន្ទាប់ពីផ្អាករយៈពេល ៦ឆ្នាំ

 ក្រុមហ៊ុនអាកាសចរណ៍ Air China ចាប់ផ្តើមជើងហោះហើរទៅកាន់កូរ៉េខាងជើងឡើងវិញ បន្ទាប់ពីផ្អាករយៈពេល ៦ឆ្នាំ

ប៉េកាំង៖ ក្រុមហ៊ុនអាកាសចរណ៍ Air China បានចាប់ផ្តើមជើងហោះហើរត្រង់រវាងទីក្រុងប៉េកាំង និងទីក្រុងព្យុងយ៉ាងឡើងវិញនៅថ្ងៃចន្ទ ទី៣០ ខែមីនា បន្ទាប់ពីផ្អាកអស់រយៈពេលប្រាំមួយឆ្នាំ ដែលជាសញ្ញាមួយទៀតដែលបង្ហាញថាកូរ៉េខាងជើងកំពុងបើកចំហរបន្តិចម្តងៗ បន្ទាប់ពីការបន្តសេវាកម្មរថភ្លើងរវាងរដ្ឋធានីទាំងពីរឡើងវិញ។


ប្រទេសចិនបានដើរតួជាខ្សែជីវិតសម្រាប់សេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះរបស់កូរ៉េខាងជើង ក្នុងនាមជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន និងជាប្រភពដ៏សំខាន់នៃការគាំទ្រផ្នែកការទូត និងនយោបាយ។


ទោះជាយ៉ាងណាក៏ដោយ ការធ្វើដំណើររវាងប្រទេសជិតខាងអាស៊ីបូព៌ាត្រូវបានរឹតត្បិតយ៉ាងខ្លាំងចាប់តាំងពីឆ្នាំ ២០២០ នៅពេលដែលការបិទព្រំដែនយ៉ាងតឹងរ៉ឹងត្រូវបានដាក់ចេញក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩។


យោងតាមទិន្នន័យ FlightStats ជើងហោះហើរ CA121 បានចាកចេញពីអាកាសយានដ្ឋានរដ្ឋធានីប៉េកាំងនៅម៉ោង 7:58 ព្រឹក ហើយគ្រោងនឹងទៅដល់អាកាសយានដ្ឋានអន្តរជាតិ Sunan នៃទីក្រុងព្យុងយ៉ាងនៅម៉ោង 11 ព្រឹក នេះបើយោងតាមគេហទំព័ររបស់ក្រុមហ៊ុន Air China។


ទីភ្នាក់ងារសារព័ត៌មាន AFP បានឱ្យដឹង​ថា សំបុតមាន​លក់​ក្នុង​តម្លៃ​ប្រហែល ២០០ ដុល្លារ​អាមេរិក ហើយ​ជើងហោះហើរ​ត្រឡប់​មក​ពី​ទីក្រុង​ព្យុងយ៉ាង​ត្រូវ​បាន​គ្រោង​ធ្វើ​នៅ​ពេល​ថ្ងៃត្រង់។


ទីក្រុងព្យុងយ៉ាងនៅតែស្ទាក់ស្ទើក្នុងការចេញទិដ្ឋាការទេសចរណ៍ មានន័យថា មានតែអ្នកធ្វើដំណើរដែលមានគោលបំណងផ្លូវការ ឬគោលបំណងពិសេសផ្សេងទៀតប៉ុណ្ណោះ ដែលអាចធ្វើដំណើរឆ្លងកាត់ព្រំដែនបាន។


ចំណែកសេវាកម្មរថភ្លើងដឹកអ្នកដំណើរប្រចាំថ្ងៃ បានចាប់ផ្តើមឡើងវិញនៅខែនេះ ជាមួយប្រទេសចិន ដែលជាប្រភពសំខាន់នៃភ្ញៀវទេសចរបរទេសភាគច្រើនរបស់កូរ៉េខាងជើង។


ប្រភព: CNA

កែសម្រួលដោយ: កញ្ញា ណាន សុខណែត

Previous Post Next Post