សកម្មជនមកពីគណបក្សភ្លើងទៀន ចំនួន៦៤នាក់ នៅស្រុកស្អាង ខេត្តកណ្តាល ប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា តាមរយៈលោក រស់ ចំណាន ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន
កណ្តាល ៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ សកម្មជនចំនួន ៦៤នាក់ មកពីគណបក្សភ្លើងទៀន ស្រុកស្អាង ខេត្តកណ្តាល ប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាតាមរយៈ លោក រស់ ចំណាន ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងក្រុមការងារ។
ពិធីនោះដែរ ក្រោមវត្តមាន លោក រស់ ចំណាន ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា
លោក សឿង ចក់ ក្រុមការងារពិសេស និងអាជ្ញាធរមូលដ្ឋាន មេភូមិ និងក្រុមការងារមូលដ្ឋានជាច្រើនរូបទៀតផងដែរ។
សកម្មជនទាំង ៦៤នាក់នេះមកពីគណបក្សភ្លើងទៀនរួមមានមកពីភូមិពោធិ៍តាប៉ាង ឃុំស្វាយប្រទាល និងឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល ចំនួន១០នាក់ ភូមិព្រែកស្លែង ឃុំតាលន់ និងឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល ២៤នាក់ ភូមិលេខ៤ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្ដាល ១១នាក់ ភូមិចុងខ្សាច់ សង្កាត់ឈើខ្មៅ ក្រុងសំពៅពូន ខេត្តកណ្តាល ១៥នាក់ ភូមិព្រែកហង់ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល(៤នាក់) ដោយមានវត្តមានលោកមេភូមិ មេឃុំ ចូលរួមផងដែរ។
ថ្លែងក្នុងពិធីសំណេះសំណាលនោះ លោក រស់ ចំណាន ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ បានមានប្រសាសន៍ ផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម គួច ចំរើន សមាជិកគណៈកម្មការកណ្ដាល និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាល ជូនចំពោះបងប្អូនស្ម័គ្រចិត្ត ចូលរួមមកពីគណបក្សភ្លើងទៀនទាំងអស់នៅទីនេះ ដែលបានសម្រេចចិត្ត ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ។
លោក រស់ ចំណាន បានមានប្រសាសន៍ទៀតថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គ្រប់ជាន់ថ្នាក់សូមសម្ដែងនៅការត្រេកអរ និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះការសម្រេចចិត្តរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅទីនេះ ដែលបានស្នើចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ គណបក្សប្រជាជនកម្ពុជាគឺជាផ្ទះកំណើតរបស់យើងទាំងអស់គ្នា។
លោកក៏បានអំពាវនាវ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវជឿជាក់ និងគាំទ្រលើការដឹកនាំរបស់រាជរដ្ឋាភិបាល កុំជឿលើការញុះញុង របស់ក្រុមជ្រុលនិយមមួយចំនួនដែលតែងតែលាបពណ៌ វាយប្រហាមកលើសម្តេចតេជោ និងសម្តេចធីបតីផងដែរ។
ជាចុងបញ្ចប់ លោក រស់ ចំណាន បានបន្តទៀតថា ការស្នើចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការបង្ហាញពីស្មារតីរួបរួម និងការគាំទ្រទៅលើទិសដៅដើម្បីរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេស ហើយការចូលរួមនេះ ជាកម្លាំងបន្ថែមសម្រាប់ការកសាងជាតិ និងការអភិវឌ្ឍសង្គម កម្ពុជាយើង៕












