ឯកឧត្តម វុន ផារី ដឹកនាំកិច្ចប្រជុំសំណេះសំណាលជាមួយសមាជិកបក្សឃុំថ្មអណ្តើក និងចុះសួរសុខទុក្ខគ្រួសារពលរដ្ឋខ្វះខាត
ស្រុកចិត្របុរី៖ នារសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម វុន ផារី ទីប្រឹក្សាក្រសួងព័ត៌មាន អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកចិត្របុរី និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំថ្មអណ្តើក បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសំណេះសំណាលជាមួយសមាជិកគណបក្សឃុំ និងគណៈកម្មាធិការសាខាបក្សភូមិទាំង ៦ ស្ថិតក្នុងឃុំថ្មអណ្តើក ដើម្បីពិភាក្សា និងលើកទិសដៅការងារបន្ត។
អមដំណើរក្នុងឱកាសនោះ រួមមាន ឯកឧត្តម ប៉ុន វុត្ថា ឯកឧត្តម រ៉ន សារ៉ែន ឯកឧត្តម អ៊ុន ដារ៉ា លោក ម៉ែន ចាន់ពន្លឺលោក ផន សុភក្រ័ លោកជំទាវ លី ធារ៉ា
លោក ស៊ុន សំអឿន ព្រមទាំងក្រុមការងារថ្នាក់ខេត្តចុះជួយឃុំ និងសហការីជាច្រើនរូបទៀត។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា សរុបប្រមាណ ៤៥ នាក់ (ស្រី ១៥ នាក់) នៅមន្ទីរគណបក្សឃុំថ្មអណ្ដើក។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ឯកឧត្តម វុន ផារី បានដឹកនាំក្រុមការងារចុះផ្ទាល់ដល់មូលដ្ឋាន ដើម្បីសួរសុខទុក្ខប្រជាពលរដ្ឋទីទាល់ក្រខ្វះខាតចំនួន ៥គ្រួសារ ក្នុងភូមិទួលក្រូច។ ក្នុងមួយគ្រួសារទទួលបានអំណោយសប្បុរសធម៌ពី ឯកឧត្តម សុខ ចាន់ភក្តី ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកចិត្របុរី រួមមាន៖ អង្ករ ១០ គីឡូក្រាម, មី ១ កេស, ទឹកផ្លែឈើ ១ កេស និងថវិកា ៤០,០០០ រៀល។
ក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តម វុន ផារី និងក្រុមការងារ ក៏បានឧបត្ថម្ភថវិកា និងសម្ភារៈបន្ថែមរួមមាន៖
១. ឧបត្ថម្ភដល់គណបក្សឃុំថ្មអណ្ដើក៖ ២០០,០០០ រៀល
២. ឧបត្ថម្ភដល់ប៉ុស្ដិ៍រដ្ឋបាលថ្មអណ្ដើក៖ ២០០,០០០ រៀល
៣. ជូនថវិកាដល់សមាជិក សមាជិកា (២០,០០០ រៀល/ម្នាក់) សរុប៖ ៩០០,០០០ រៀល
៤. ជូនថវិកា និងសម្ភារៈដល់គ្រួសារក្រីក្រទាំង ៥ គ្រួសារ សរុប៖ ៥០០,០០០ រៀល
(សរុបថវិកាឧបត្ថម្ភជារួមចំនួន ១,៨០០,០០០ រៀល)
៥. លោក ស៊ុន សំអឿន និងសហការី បានឧបត្ថម្ភនំមួយធុង ជាអាហារសម្រន់ក្នុងកម្មវិធី។
សកម្មភាពនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមការងារ ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ និងសមាជិកបក្សនៅមូលដ្ឋានផ្ទាល់៕








