ទីភ្នាក់ងារប្រឆាំងអំពើពុករលួយម៉ាឡេស៊ី និងអាជ្ញាធរចិន បង្ក្រាបក្រុមក្លែងបន្លំអន្តរជាតិ មនុស្សចំនួន ១៦ នាក់ត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសវិញ

 ទីភ្នាក់ងារប្រឆាំងអំពើពុករលួយម៉ាឡេស៊ី និងអាជ្ញាធរចិន បង្ក្រាបក្រុមក្លែងបន្លំអន្តរជាតិ មនុស្សចំនួន ១៦ នាក់ត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសវិញ

កូឡាឡាំពួរ៖  យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ បានឲ្យដឹងថា ក្រុមក្លែងបន្លំអន្តរជាតិមួយ ដែលដំណើរការដោយជនជាតិចិន ដែលត្រូវបានអាជ្ញាធរនៅក្នុងប្រទេសកំណើតរបស់ពួកគេ កំពុងស្វែងរកចាប់ខ្លួន ត្រូវបានរុះរើដោយគណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី (MACC) ក្នុងប្រតិបត្តិការរួមគ្នាជាមួយអាជ្ញាធរចិន។ 

ជនជាតិចិន  ចំនួន ១៦ នាក់ ដែលត្រូវបានគេជឿថាជា មេខ្លោងនៃក្រុមនេះ ដែលបានលាក់ខ្លួននៅក្រៅប្រទេស ត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្តិការសម្របសម្រួលជាបន្តបន្ទាប់ ក្រោមឈ្មោះកូដថា "Op Dragon" នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ី នៅថ្ងៃអង្គារ ទី១០ ខែមីនា។ 

លោក Zamri Zainul Abidin នាយកជាន់ខ្ពស់នៃផ្នែកប្រតិបត្តិការពិសេសរបស់ MACC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានដកស្រង់សម្តីដោយ វេទិកាប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក Harian Metro  ថា “ជនសង្ស័យទាំងអស់ ដែលជាជនជាតិចិន ត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ សម្រាប់គោលបំណងនៃដំណើរការកាត់ក្តីនៅទីនោះ”។

លោក​បាន​បន្ថែម​ថា​៖ «ដំណើរការ​ធ្វើ​មាតុភូមិនិវត្តន៍​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ស្ថានទូត​ចិន និង​នាយកដ្ឋាន​អន្តោប្រវេសន៍​ម៉ាឡេស៊ី ដោយ​មាន​នីតិវិធី​ផ្លូវច្បាប់ និង​ការទូត​ទាំងអស់​ត្រូវ​បាន​គោរព​តាម​យ៉ាង​ត្រឹមត្រូវ»។  

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា  ក្រុមនេះត្រូវបានគេរកឃើញថាកំពុងធ្វើការក្លែងបន្លំឆ្លងដែនដោយប្រើប្រាស់វេទិកាទំនាក់ទំនង និងបច្ចេកវិទ្យាផ្សេងៗដើម្បីបញ្ឆោតជនរងគ្រោះ។ 

ក្នុងអំឡុងពេលប្រតិបត្តិការដូចគ្នានេះ ទីភ្នាក់ងារប្រឆាំងអំពើពុករលួយម៉ាឡេស៊ីក៏បានរឹបអូសទ្រព្យសម្បត្តិដែលមានតម្លៃ ៣.៥ លានរីងហ្គីត (៨៩០,០០០ ដុល្លារអាមេរិក) ដែលត្រូវបានគេជឿថាទទួលបានតាមរយៈសកម្មភាពខុសច្បាប់របស់ក្រុមនេះ។

វត្ថុតាងដែលរឹបអូសបានរួមមាន រថយន្តទំនើបពីរគ្រឿង គ្រឿងអលង្ការ ដុំមាស កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រយួរដៃ ប្រាក់សុទ្ធជារូបិយប័ណ្ណបរទេសផ្សេងៗ និងទូរស័ព្ទដៃរាប់រយគ្រឿងម៉ាកផ្សេងៗគ្នា ដែលគេជឿថាត្រូវបានប្រើជាឧបករណ៍សំខាន់ៗក្នុងប្រតិបត្តិការក្លែងបន្លំ។ 

បច្ចុប្បន្ន MACC កំពុងស្ថិតក្នុងដំណើរការនៃការរឹបអូសទ្រព្យសម្បត្តិទាំងនោះ ក្រោមបទប្បញ្ញត្តិច្បាប់ពាក់ព័ន្ធ មុនពេលដែលទ្រព្យសម្បត្តិទាំងនោះត្រូវបានប្រគល់ជូនរដ្ឋាភិបាលម៉ាឡេស៊ីវិញ។ 

ទីភ្នាក់ងារប្រឆាំងអំពើពុករលួយបាននិយាយថា ប្រតិបត្តិការនេះបង្ហាញពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ខ្លួនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រជាមួយទីភ្នាក់ងារអនុវត្តច្បាប់អន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ និងការក្លែងបន្លំឆ្លងដែន ដែលអាចគំរាមកំហែងដល់សន្តិសុខសេដ្ឋកិច្ច និងផលប្រយោជន៍ជាតិ។

បានបន្ថែមថា ការរំលោភបំពានលើប្រព័ន្ធហិរញ្ញវត្ថុ អំពើពុករលួយ ឬសកម្មភាពក្លែងបន្លំណាមួយនឹងបន្តដោះស្រាយតាមរយៈសកម្មភាពអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយដៃគូអនុវត្តច្បាប់អន្តរជាតិ នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។

ប្រភព: CNA

កែសម្រួល​ដោយ​: កញ្ញា​ ជា ស្រីពៅ​

أحدث أقدم