ប្រទេសថៃ បញ្ជាឱ្យមន្ត្រីរាជការប្រើប្រាស់ជណ្តើរ និងធ្វើការពីផ្ទះ ដើម្បីសន្សំសំចៃថាមពល
បាងកក៖ អ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយនៅថ្ងៃអង្គារ ទី១០ ខែមីនាថា នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរៈគុល បានបញ្ជាឱ្យមន្ត្រីរាជការសន្សំសំចៃថាមពល ចំពេលមានការធ្លាក់ចុះនៃការផ្គត់ផ្គង់ថាមពល ដែលបង្កឡើងដោយជម្លោះនៅមជ្ឈិមបូព៌ា ដោយមានវិធានការណ៍មួយចំនួន រួមមានការផ្អាកការធ្វើដំណើរទៅក្រៅប្រទេស និងការប្រើប្រាស់ជណ្តើរជំនួសឱ្យជណ្តើរយន្ត។
អ្នកនាំពាក្យលោកស្រី Lalida Periswiwatana បានប្រាប់អ្នកយកព័ត៌មានថា “លោកនាយករដ្ឋមន្ត្រីបានបញ្ជាថា ចាប់ពីថ្ងៃនេះតទៅ មន្ត្រីរាជការនឹងធ្វើការពីផ្ទះ” ដោយបន្ថែមថា ករណីលើកលែងនឹងត្រូវធ្វើឡើងសម្រាប់មន្ត្រីដែលត្រូវតែបម្រើសាធារណជន។
យោងតាមរដ្ឋមន្ត្រីក្រសួងថាមពល លោក Auttapol Rerkpiboon បានឱ្យដឹងថា ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីររបស់អាស៊ីអាគ្នេយ៍នេះនៅសល់ទុនបម្រុងថាមពលប្រហែល 95 ថ្ងៃទៀត ហើយប្រទេសនេះកំពុងស្វែងរកប្រភពឧស្ម័នធម្មជាតិរាវបន្ថែមពីសហរដ្ឋអាមេរិក អូស្ត្រាលី និងអាហ្វ្រិកខាងត្បូង។
លោកស្រី Lalida បាននិយាយថា វិធានការផ្សេងទៀតរបស់រដ្ឋាភិបាលដើម្បីសន្សំសំចៃថាមពលរួមមានការកំណត់សីតុណ្ហភាពម៉ាស៊ីនត្រជាក់ពី 26 អង្សាសេទៅ 27 អង្សាសេ និងការស្លៀកអាវដៃខ្លីជំនួសឱ្យសម្លៀកបំពាក់ផ្លូវការដូចជាឈុត និងក្រវ៉ាត់ក។
យោងតាមគណៈកម្មការបទប្បញ្ញត្តិថាមពលរបស់ប្រទេសនេះ ឧស្ម័នធម្មជាតិរាវជាងពាក់កណ្តាលរបស់ខ្លួនមានប្រភពមកពីផលិតកម្មក្នុងស្រុកនៅឈូងសមុទ្រ ថៃ ខណៈដែល 35 ភាគរយបានមកពីការនាំចូល រួមទាំង 13 ភាគរយមកពីប្រទេសមីយ៉ាន់ម៉ាជិតខាងផងដែរ។
កាលពីដើមខែ ប្រទេសថៃ ក៏បានបញ្ឈប់ការនាំចេញថាមពលទៅកាន់ប្រទេសទាំងអស់ក្រៅពីឡាវ និងមីយ៉ាន់ម៉ាផងដែរ។
លោកស្រី ឡាលីដា បានមានប្រសាសន៍ថា មន្ត្រីរដ្ឋាភិបាលត្រូវបានបញ្ជាឱ្យកាត់បន្ថយការប្រើប្រាស់អគ្គិសនីនៅតាមអគារការិយាល័យដោយបិទភ្លើង និងឧបករណ៍អគ្គិសនីនៅពេលដែលមិនចាំបាច់។ រដ្ឋាភិបាលក៏នឹងស្នើសុំឱ្យសាធារណជនសហការ និងលើកទឹកចិត្តដល់វិធានការសន្សំសំចៃថាមពលដូចជាការធ្វើដំណើរដោយរថយន្តរួមគ្នាជាដើម។
រដ្ឋាភិបាលក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រសិនបើស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង រដ្ឋាភិបាលអាចពិចារណាលើវិធានការចាំបាច់ រួមទាំងការបន្ថយពន្លឺផ្លាកសញ្ញាផ្សាយពាណិជ្ជកម្មនៅតាមហាង រោងកុន និងអាជីវកម្មនានា និងបិទស្ថានីយប្រេងឥន្ធនៈនៅម៉ោង ១០ យប់”។
ប្រភព:CNA
កែសម្រួលដោយ: កញ្ញា ជា ស្រីពៅ


