យោធាអ៊ីស្រាអែលបើកការវាយប្រហារប្រឆាំងនឹងក្រុមហេសបូឡា បន្ទាប់ពីក្រុមនេះវាយប្រហារអ៊ីស្រាអែល

 យោធាអ៊ីស្រាអែលបើកការវាយប្រហារប្រឆាំងនឹងក្រុមហេសបូឡា បន្ទាប់ពីក្រុមនេះវាយប្រហារអ៊ីស្រាអែល



ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានចុះផ្សាយនៅថ្ងៃទី២ ខែមីនាថា យោធាអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនកំពុងវាយប្រហារគោលដៅរបស់ក្រុមសកម្មប្រយុទ្ធហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់នៅទូទាំងប្រទេសលីបង់ បន្ទាប់ពីក្រុមនេះបានបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកឆ្ពោះទៅកាន់អ៊ីស្រាអែល ដើម្បីសងសឹកចំពោះការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោកKhamenei។


គ្រាប់ផ្លោងដែលបាញ់ចេញដោយក្រុមសកម្មប្រយុទ្ធលីបង់ គឺជាគ្រាប់ផ្លោងលើកដំបូងចាប់តាំងពីការចាប់ផ្តើម វាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើ អ៊ីរ៉ង់ ។ក្រុមមូស្លីមនិកាយស៊ីអ៊ីត ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់មួយរបស់ទីក្រុងតេអេរ៉ង់នៅមជ្ឈិមបូព៌ា បាននិយាយថា ខ្លួនបានបើកការវាយប្រហារប្រឆាំងនឹងអ៊ីស្រាអែល ដើម្បីឆ្លើយតបទៅនឹងការសម្លាប់លោក Khamenei និងការរំលោភបំពានជាបន្តបន្ទាប់របស់អ៊ីស្រាអែលប្រឆាំងនឹងប្រទេសលីបង់។

យោធា​បាន​និយាយ​ថា «កងកម្លាំង​ការពារ​អ៊ីស្រាអែល (IDF) នឹង​ធ្វើ​ប្រតិបត្តិការ​ប្រឆាំង​នឹង​ការ​សម្រេច​ចិត្ត​របស់​ក្រុម​ហេសបូឡា​ក្នុង​ការ​ចូលរួម​យុទ្ធនាការ​នេះ ហើយ​នឹង​មិន​អនុញ្ញាត​ឲ្យ​អង្គការ​នេះ​បង្កើត​ជា​ការ​គំរាមកំហែង​ដល់​រដ្ឋ​អ៊ីស្រាអែល​ឡើយ»។

យោងតាមសាក្សីបានឱ្យដឹងថា ការផ្ទុះត្រូវបានគេឮនៅក្នុងរដ្ឋធានីបេរូតរបស់ប្រទេសលីបង់។ ប្រភពសន្តិសុខលីបង់បានប្រាប់រ៉យទ័រថា អ៊ីស្រាអែលបានវាយប្រហារតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត ដែលជាបន្ទាយរបស់ក្រុមហេសបូឡា។


ប្រភព:Reuters

កែសម្រួលដោយ :កញ្ញា ណាន សុខណែត

أحدث أقدم