យោធាអ៊ីស្រាអែលបើកការវាយប្រហារប្រឆាំងនឹងក្រុមហេសបូឡា បន្ទាប់ពីក្រុមនេះវាយប្រហារអ៊ីស្រាអែល
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានចុះផ្សាយនៅថ្ងៃទី២ ខែមីនាថា យោធាអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនកំពុងវាយប្រហារគោលដៅរបស់ក្រុមសកម្មប្រយុទ្ធហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់នៅទូទាំងប្រទេសលីបង់ បន្ទាប់ពីក្រុមនេះបានបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកឆ្ពោះទៅកាន់អ៊ីស្រាអែល ដើម្បីសងសឹកចំពោះការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោកKhamenei។
គ្រាប់ផ្លោងដែលបាញ់ចេញដោយក្រុមសកម្មប្រយុទ្ធលីបង់ គឺជាគ្រាប់ផ្លោងលើកដំបូងចាប់តាំងពីការចាប់ផ្តើម វាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើ អ៊ីរ៉ង់ ។ក្រុមមូស្លីមនិកាយស៊ីអ៊ីត ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់មួយរបស់ទីក្រុងតេអេរ៉ង់នៅមជ្ឈិមបូព៌ា បាននិយាយថា ខ្លួនបានបើកការវាយប្រហារប្រឆាំងនឹងអ៊ីស្រាអែល ដើម្បីឆ្លើយតបទៅនឹងការសម្លាប់លោក Khamenei និងការរំលោភបំពានជាបន្តបន្ទាប់របស់អ៊ីស្រាអែលប្រឆាំងនឹងប្រទេសលីបង់។
យោធាបាននិយាយថា «កងកម្លាំងការពារអ៊ីស្រាអែល (IDF) នឹងធ្វើប្រតិបត្តិការប្រឆាំងនឹងការសម្រេចចិត្តរបស់ក្រុមហេសបូឡាក្នុងការចូលរួមយុទ្ធនាការនេះ ហើយនឹងមិនអនុញ្ញាតឲ្យអង្គការនេះបង្កើតជាការគំរាមកំហែងដល់រដ្ឋអ៊ីស្រាអែលឡើយ»។
យោងតាមសាក្សីបានឱ្យដឹងថា ការផ្ទុះត្រូវបានគេឮនៅក្នុងរដ្ឋធានីបេរូតរបស់ប្រទេសលីបង់។ ប្រភពសន្តិសុខលីបង់បានប្រាប់រ៉យទ័រថា អ៊ីស្រាអែលបានវាយប្រហារតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត ដែលជាបន្ទាយរបស់ក្រុមហេសបូឡា។
ប្រភព:Reuters
កែសម្រួលដោយ :កញ្ញា ណាន សុខណែត


