بلا عنوان

 សង្វេគណាស់! រថយន្តដឹកខ្សាច់បើកបុកកិនផ្ដាច់ជីវិតប្ដីប្រពន្ធពីរនាក់យ៉ាងអាណោចអាធ័ម បន្សល់ទុកកូនម្នាក់រងរបួសធ្ងន់


(ខេត្តកណ្តាល)៖ ហេតុការណ៍ដ៏រន្ធត់ និងគួរឱ្យសង្វេគជាពន់ពេកបានកើតឡើងនាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ តាមបណ្តាយផ្លូវ 7NG ក្នុងភូមិព្រែកលួង សង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ ខេត្តកណ្តាល ខណៈដែលរថយន្តធុនធំដឹកខ្សាច់មួយគ្រឿង បានបើកបុកនិងកិនម៉ូតូរបស់គ្រួសាររងគ្រោះ បណ្ដាលឱ្យឪពុក និងម្ដាយស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកឯកូនតូចម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

បើតាមលោកវរសេនីយ៏ទោ រស់ បាលីន អធិការនគរបាលក្រុងអរិយក្សត្រ នៅវេលាកើតហេតុមានរថយន្ត០១គ្រឿងម៉ាក DONGFENG ព៏ណ ស ពាក់ស្លាកលេខភ្នំពេញ3D-2986 បើកបរដោយឈ្មោះ មឿន សេងលី ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ទន្លេបិទលើ ឃុំទន្លេ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម (រត់គេចខ្លួន)(មានបណ្ណ័បើកបរតែត្រូវតាមប្រភេទរថយន្ត) បើកបរពី កើត ទៅ លិច ពេលបើកមកដល់ចំណុចកើតហេតុក៏បានបុកពីក្រោយអូសប្រហែល៣០ម៉ែត្រជាមួយម៉ូតូ០១គ្រឿងម៉ាក Honda Dream C125 ព័ណ ខ្មៅ ពាក់ស្លាកលេខកណ្តាល1AD-0916 បើកបរដោយឈ្មោះ រុំ វ័ន ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ (ស្លាប់នៅកន្លែងកើតហេតុ)និងអ្នករួមដំណើរ០២នាក់ , ១-ឈ្មោះ តូច ល័ង ភេទស្រី អាយុ ២៨ ឆ្នាំ ត្រូវជាប្រពន្ធ (ស្លាប់នៅកន្លែងកើតហេតុ) ២-ឈ្មោះ វ័ន ស្រីលក្ខ ភេទស្រី អាយុ ០៣ ឆ្នាំ ជាកូន(របួសធ្ងន់) ជនរងគ្រោះ ប្តីប្រពន្ធនិងកូនមានទីលំនៅ ក្នុងភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល 

។ 

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៏ បញ្ជូនកូនស្រីតូចតាមរថយន្តសាមុយទៅសង្គ្រោះនៅមន្ទីរពេទ្យ និងស្រាវជ្រាវរកសាច់ញ្ញាត មកទទួល សព ជនរងគ្រោះទាំងពីរនាក់ យកទៅធ្វើបុណ្យតាមប្រពៃណី ។ តាមការសន្និដ្ឋានបឋម បណ្តាលមកពី អ្នកបើកបររថយន្តបើកបរខ្វះការប្រុសប្រយត្ន័មិនបានមើលឧបសគ្គខាងមុខ និង រត់គេចពីកន្លែងកើតហេតុ។ 

ជុំវិញសោកនាដកម្មនេះ បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ បានសម្ដែងនូវការហួសចិត្ត និងខឹងសម្បារយ៉ាងខ្លាំងចំពោះសកម្មភាពរបស់ក្រុមក្បួនរថយន្តដឹកខ្សាច់ ដែលកន្លងមកតែងតែបើកបរក្នុងល្បឿនលឿនៗ ហាក់មិនខ្វល់ខ្វាយពីសុវត្ថិភាព ឬអាយុជីវិតរបស់អ្នកធ្វើដំណើរតាមដងផ្លូវឡើយ។ ការបើកបរខ្វះសីលធម៌ និងភាពមិនទទួលខុសត្រូវរបស់តៃកុងរថយន្តធុនធំទាំងនេះ បានក្លាយជាកង្វល់ដ៏ធំសម្រាប់អ្នកភូមិព្រែកលួង ដោយពួកគាត់លើកឡើងថា "ផ្លូវលែងជាកន្លែងសុវត្ថិភាពទៀតហើយ ប្រសិនបើក្រុមរថយន្តដឹកខ្សាច់នៅតែបន្តបើកបរក្នុងល្បឿនហោះហើរ បំពានច្បាប់ចរាចរណ៍បែបនេះ"។

ករណីនេះ ប្រជាពលរដ្ឋក៏បានសំណូមពរយ៉ាងទទូចដល់អាជ្ញាធរមានសមត្ថកិច្ច និងជំនាញពាក់ព័ន្ធ មេត្តាជួយអន្តរាគមន៍រឹតបន្តឹងច្បាប់ចរាចរណ៍ និងចាត់វិធានការឱ្យបានតឹងរ៉ឹងបំផុតចំពោះក្រុមហ៊ុនដឹកជញ្ជូនខ្សាច់ទាំងឡាយណាដែលបណ្តោយឱ្យតៃកុងបើកបរខ្វះការប្រុងប្រយ័ត្ន ដើម្បីបង្ការកុំឱ្យមានសោកនាដកម្មឈាមស្រោចផ្លូវបែបនេះកើតឡើងជាបន្តទៀត៕ 

សូមបញ្ជាក់ថា÷ បច្ចុប្បន្ន ផ្លូវឈ្មោះ 7NG ត្រូវបានប្តូរមកជា 9NG វិញ ៕








أحدث أقدم