ប្រកាស​សាលក្រម​ថ្ងៃ​ទី​២៥ ធ្នូ សំណុំរឿង​ឃាត​ករ​​វ័យក្មេង​៣​នាក់​រំ.លោ.ភ.​បូក​រួច​ស.ម្លា.ប់​

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២៥ កន្លង​ទៅ បាន​លើកយក​សំណុំរឿង​ឃាតកម្ម​«​រំលោភ​សេពសន្ថវៈ​បូក រួច​សម្លាប់​ជន​រង​គ្រោះ​» មក​បើក​សវនាការ​ជំនុំជម្រះ​លើ​អង្គសេចក្តី​ទាំងមូល ដើម្បី​ផ្តន្ទាទោស​លើ​ជនជាប់ចោទ ។ សវនាការ​បាន​ធ្វើការ​សាកសួរ​ដេញដោល​ជន​ត្រូវ​ចោទ​ទាំង​៣​នាក់​រហូត​ដល់ទី​បញ្ចប់ ទើប​ចៅក្រម​ក្រុមប្រឹក្សា​ជំនុំជម្រះ លើក​ពេល​ប្រកាស​សាលក្រម​ទៅ​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២៥ ខាង​មុខ​នេះ ដែល​ជនជាប់ចោទ​អាច​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ។

គេ​នៅ​ចាំ​បាន​ថា កាលពី​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៥ លោក ឆាយ ហុង ព្រះរាជអាជ្ញា​រង និង​​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា សំណុំរឿង​ឃាតករ វ័យក្មេង​៣​នាក់ ពាក់ព័ន្ធ​ករណី​រំលោភ​សម្លាប់​ក្មេង​ស្រី​ម្នាក់​នៅ​ក្នុង​បន្ទប់ទឹក ត្រូវ​បាន​តំណាង​អយ្យកា​របើក​ការ​ស៊ើបសួរ​លើ​ជនសង្ស័យ​ពី​បទ​ឃាតកម្ម ដោយ​អំពើ​រំលោភ​សេពសន្ថវៈ តាម​មាត្រា​២០៥ នៃ​ក្រមព្រហ្មទណ្ឌ ។

យោង​ការ​ចោទប្រកាន់​តាម​មាត្រា​២០៥ «​បទ​ឃាតកម្ម​ដោយ​មាន​ទារុណកម្ម អំពើ​ឃោរឃៅ ឬ​អំពើ​រំលោភ​សេពសន្ថវៈ ឃាតកម្ម​ដែល​កើត​ក្នុង​ពេល ឬ​ក្រោយ​ពេល​ប្រព្រឹត្ត​អំពើ​ទារុណកម្ម អំពើ​ឃោរឃៅ ឬ​រំលោភ​សេពសន្ថវៈ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយជីវិត​» ។ ក្រោយ​ពី​បញ្ចប់​ការ​ស៊ើបសួរ សំណុំរឿង​ជនសង្ស័យ​ទាំង​៣​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ខាង​ចៅក្រម​ស៊ើបសួរ ដើម្បី​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ដោយ​រង់ចាំ​បើក​សវនាការ​កាត់ទោស​ទៅ​តាម​ផ្លូវច្បាប់ ។
ឃាតករ​វ័យក្មេង​៣​នាក់​នេះ មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ភូមិ​ឌួ​ង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ៖
១-​ឈ្មោះ ទៀន ផា​រ៉ែត ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជា​អ្នក​រួមគំនិត ។ ២-​ឈ្មោះ បូ ឧត្តម ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជា​អ្នក​រួមគំនិត ។ ៣-​ឈ្មោះ សុខ ច័ន្ទ​សុវណ្ណ​សេង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ។

សូម​ជម្រាប​ថា ករណី​ឃាតករ​៣​នាក់​ដែល​បាន​ចាប់រំលោភ​សេពសន្ថវៈ ហើយ​រឹត​ក​សម្លាប់​ក្មេង​ស្រី​នៅ​ក្នុង​បន្ទប់ទឹក​សាលា​បឋម​សិក្សា​វត្តក្រួស ប្លន់​យក​ខ្សែ​ក​និង​ទូរស័ព្ទ ត្រូវ​បាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ ឃាត់ខ្លួន​និង​ធ្វើ​សន្និសីទកាសែត​បង្ហាញ​មុខជា​សាធារណៈ កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២៥ ។

លោក​វរសេនីយ៍ឯក សុខ ហេង អធិការ​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ បានឱ្យ​ដឹង​ថា ដោយ​បាន
ការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជ
ធានី​ភ្នំពេញ អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ បាន​ធ្វើការ​បង្ហាញមុខ​ឃាតករ​ចំនួន​៣​នាក់ នៅ​ក្នុង​ករណី​ឃា​កម្ម ដោយ​មាន​ទារុណកម្ម​ឃោរឃៅ ឬ​អំពើ​រំលោភ​សេពសន្ថវៈ​(​យក​ថ្នាំ​ងងុយដេក​ដាក់​ក្នុង​ភេសជ្ជៈ​ឲ្យ​ជន​រង​គ្រោះ​ផឹក ហើយ​រំលោភ​សម្លាប់​ប្លន់​យក​ទ្រព្យសម្បត្តិ​ជន​រង​គ្រោះ​) ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​២៧​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២៥ នៅ​ក្នុង​បន្ទប់ទឹក​សាលា​បឋម​សិក្សា​វត្ត​ក្រួស ស្ថិត​ក្នុង​វត្ដ​ជេស​ដ្ឋា​ឧត្តម ហៅ​វត្ត​ក្រួស ផ្លូវជាតិ​លេខ​៥ ភូមិ​ក្រួស សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។

នៅ​ទីបំផុត មិន​ដល់​រយៈពេល​១២​ម៉ោង​ផង ឃាតករ​ចាប់រំលោភ​សេពសន្ថវៈ និង​រឹត​ក​សម្លាប់​ក្មេង​ស្រី​ប្លន់​យក​ទ្រព្យសម្បត្តិ​នៅ​ក្នុង​បន្ទប់ទឹក​សាលា​បឋម​សិក្សា​វត្ត​ក្រួស ត្រូវ​បាន​កម្លាំង​នគរ
បាល​ព្រហ្មទណ្ឌ​ខណ្ឌ​ព្រែក​ព្នៅ សហការ​ជាមួយ​កម្លាំង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នង
ការដ្ឋាន​រាជធានី​ភ្នំពេញ វែកមុខ​និង​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​ចំនួន​៣​នាក់ ។ អ្វី​ដែល​នឹក​ស្មាន​មិន​ដល់​នោះ​គឺ ឃាតករ​ដ៏​ឃោរឃៅ​នេះ​ភាគច្រើន​ជា​ក្មេង​ជំទង់ មាន​អាយុ​ពី​១៥​ឆ្នាំទៅ​១៨​ឆ្នាំ ។

ឃាតករ​៣​នាក់​ដែល​ត្រូវ​បាន​ចាប់ខ្លួន ជា​យុវជន​ធ្លាប់​ស្គាល់​ក្មេង​ស្រី​តាំងពី​ក្មេង​ៗ បាន​ក្លាយទៅជា​ជន​ដៃដល់​រំលោភ និង​សម្លាប់​ជន​រង​គ្រោះ ។ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍​ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជាស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​អធិការដ្ឋា​ន​នគរ​បាល​ខណ្ឌ​ព្រែក​ព្នៅ សហការ​ជាមួយ​កម្លាំង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី​អង្គភាព​ការពារ​កុមារ ហៅ​កាត់​ថា CPU បាន​បំបែកសំណុំរឿង​ករណី​ឃាតកម្ម ដោយ​មានការ​ធ្វើ​ទារុណកម្ម​យ៉ាង​ឃោរឃៅ ឬ​អំពើ​រំលោភ​សេពសន្ថវៈ​បូក បន្ទាប់​ពី​ពួក​គេ​បាន​យក​ថ្នាំ​ងងុយដេក​លួច​ដាក់​ក្នុង​ភេសជ្ជៈ​ឲ្យ​ជន​រង​គ្រោះ​ផឹក ហើយ​រំលោភ​បូក​បាន​សម្រេច​គ្រប់​គ្នា រួច​សម្លាប់​ប្លន់​យក​ទ្រព្យសម្បត្តិ ពិសេស​ខ្សែ​ក​ដែល​នាង​ពាក់ ។

ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​បាន​ដកហូត​ទូរស័ព្ទ​ដៃ​ម៉ាក TECNO SPARK មួយ​គ្រឿង ជា​របស់​ជន​រង​គ្រោះ ទូរស័ព្ទ​ដៃ​ម៉ាក អុ​បប៉ូ​១​គ្រឿង ខ្សែ​នីឡុង​ពណ៌​ស​១​ខ្សែ និង​ម៉ូតូ​ស៊ុ​យ​ហ្សុ​៊​យ​គី​ណិ​ច ពណ៌​ខៀវ ស៊េរី​ឆ្នាំ​២០២៥ ពាក់​ផ្លា​កលេខ ភ្នំពេញ ១CL-១១៩០ ។ សូម​បញ្ជាក់​ថា ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ វុ​ទ្ធី លី​ណា អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ភូមិ​ក្រួស សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ ត្រូវ​បាន​ឃាតករ​ចាប់រំលោភ និង​រឹត​ក​សម្លាប់​នឹង​ខ្សែ​នីឡុង​នៅ​ក្នុង​បន្ទប់ទឹក និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៦​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២៥ ខណៈ​អ្នកគ្រូ​ម្នាក់​ចូល​បន្ទប់ទឹក ហើយ​ប្រទះ​ឃើញ​សព​ក្មេង​ស្រី​ដែល​អាក្រាត​កាយ​ល្វែង​ក្រោម ។

តាម​ក្រុម​គ្រួសារ​ក្មេង​ស្រី​បានឱ្យ​ដឹង​ថា នាង វុ​ទ្ធី លី​ណា បាន​ឈប់​រៀន​១​ឆ្នាំ​មក​ហើយដោយ​សារ​តែ​ជីវភាព​គ្រួសារ​ក្រីក្រ ។ បន្ទាប់​ពី​ឈប់រៀន នាង​បាន​ទៅ​ធ្វើការ​ជា​អ្នក​មើល​កូន​ឱ្យ​គេ ។
ដោយសារ​ឮដំណឹង​ថា ឪពុក​មិន​ស្រួលខ្លួន នាង​ក៏​មក​ផ្ទះ​បាន​៥​ថ្ងៃ ឪពុក​បាន​ទិញ​ខ្សែ​ក​ប្លា​ទី​ន​១​ខ្សែ​តម្លៃ​ជាង​១០០​ដុល្លារ​ឱ្យ​នាង​ពាក់ ។ តាម​ក្រុម​គ្រួ​សារបាន​ឲ្យ​ដឹង​ទៀត​ថា នៅ​វេលា​ម៉ោង​ប្រមាណ​១២​យប់​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២៥ នាង​បាន​ចេញពីផ្ទះ តែ​ពុំ​មាន​អ្នក​ណា​ម្នាក់​ចាប់អារម្មណ៍​ឡើយ ព្រោះ​កន្លង​មក​នាង​តែងតែ​ទៅ​ដេក​នៅផ្ទះ​មិត្តភក្តិ ។

លុះ​ព្រឹក​ឡើង​ទើប​មានការ​ភ្ញាក់ផ្អើល នៅ​ពេល​អ្នកគ្រូ​ម្នាក់​ចូល​ទៅ​ក្នុង​បន្ទប់ទឹក ហើយ​ប្រ
ទះ​ឃើញ​សព​នាង​នៅ​ទីនោះ ។ បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល ខ្សែ​ក​ប្លា​ទី​ន និង​ទូរស័ព្ទ​១​គ្រឿង​ក៏​បាត់​ដែរ ។ តាម​ព័ត៌មាន​បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោងជាង​១២​អធ្រាត្រ មាន​មិត្តភក្តិ​នាង​ទូរស័ព្ទ​ហៅ​តាម​គ្រុប​ហ្វេ​ស​ប៊ុ​ក ហើយ​ឃើញ​នាង​លើក និង​និយាយ​តប​ទៅ​វិញ​ថា ខ្លួន​នៅ​ផឹក​សុ​ី​ជាមួយ​មិត្តភក្តិ​ប្រុស​២​នាក់ ។

មិន​នឹក​ស្មានថា មិត្តភក្តិ​ជា​ឃាតករ​លួច​ដាក់​ថ្នាំ​ងងុយដេក​ក្នុង​ភេសជ្ជៈ​ឱ្យ​នាង​ផឹក ហើយ​ចាប់​នាង​រំលោភ​រួច​រឹត​ក​សម្លាប់​បែប​នេះ​ឡើយ ។ ពិតជា​ឈាម​ស្រែក​ស្បែក​ហៅ​មែន ឃាតករ​ត្រូវ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ នៅ​វេលា​រសៀល​ថ្ងៃ​ដដែល​នោះ ៕

Previous Post Next Post