ឈ្វេងយល់ពីឯកសណ្ឋានលេខ៥ របស់មន្ត្រីនគរបាលជាតិកម្ពុជា



អនុក្រឹត្យ ស្តីពី ឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា បានកំណត់យ៉ាងច្បាស់អំពីការប្រើប្រាស់ឯកសណ្ឋានរបស់មន្ត្រីនគរបាលជាតិ ដើម្បីលើកកម្ពស់សីលធម៌ តម្លៃ សេចក្តីថ្លៃថ្នូរ ឧត្តមភាព និងប្រសិទ្ធភាពនៃការបំពេញភារកិច្ចរក្សាសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ឯកសណ្ឋានលេខ៥ ត្រូវបានរៀបចំឡើងតាមលក្ខណៈបច្ចេកទេស និងត្រូវបានកំណត់ឱ្យប្រើប្រាស់សម្រាប់ការបំពេញការងារប្រចាំថ្ងៃរបស់មន្ត្រីនគរបាលជាតិ។




ផ្អែកតាមមាត្រា ១០ នៃអនុក្រឹត្យនេះ ឯកសណ្ឋានលេខ៥ ត្រូវបានកំណត់ឱ្យប្រើប្រាស់ចំពោះ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នាយនគរបាលជាន់ខ្ពស់ នាយនគរបាល និងនាយនគរបាលរង សម្រាប់ពាក់ក្នុងពេលបំពេញការងារប្រចាំថ្ងៃ ដោយបញ្ជាក់យ៉ាងច្បាស់ រវាងមន្ត្រីនគរបាលជាបុរស និងមន្ត្រីនគរបាលជានារី។

សម្រាប់មន្ត្រីនគរបាលជាបុរស ឯកសណ្ឋានលេខ៥នេះ រួមមានអាវចំនួនពីរ ទី១.អាវពណ៌កាគី កឌុប ដៃខ្លី ប៉ូលស្នាទាំងសងខាងភ្ជាប់ដោយឡេវពណ៌ដូចអាវ កាត់ស្រុង ដែលជើងអាវទាំងសងខាងរាងរៀលដាក់ក្នុងខោ និងមានឡេវចំនួន ៥គ្រាប់ និងឡេវកអាវ ១គ្រាប់ពណ៌ដូចអាវ។ អាវនេះមានហោប៉ៅដេរប៉ះខាងមុខផ្នែកខាងលើចំនួន២ នៅចំកណ្តាលបត់ផ្នត់មួយ មានគម្របហោប៉ៅរាងស្លឹកពោធិ៍ចោះរន្ធដាក់ឡេវ ១គ្រាប់ ពណ៌ដូចអាវ។ រីឯអាវទីពីរ គឺអាវយឺតដៃខ្លីពណ៌ស កមូលស្តើង សម្រាប់ពាក់ខាងក្នុងឯកសណ្ឋានលេខ៥។ 

ចំពោះខោ គឺប្រើប្រាស់ខោជើងវែងពណ៌កាគី (ដូចឯកសណ្ឋានលេខ៤) ដេរថ្នេរបង្កប់ ចង្កេះត និងគ្មានជីបភ្លី ដែលមានហោប៉ៅចំនួន៤ គឺហោប៉ៅក្រោយមានចំនួន២ និងហោប៉ៅចំហៀងមានចំនួន២។ ហោប៉ៅកាត់ ខាងក្រោយគ្មានគម្រប ចោះរន្ធដាក់ឡេវ១ គ្រាប់ពណ៌ដូចខោ និងហោប៉ៅចំហៀង ទាំងសងខាងដេរបង្កប់តាមថ្នេរខោ។

ផ្នែកមួក ត្រូវប្រើមួកកាស្កេត (ដូចមួកឯកសណ្ឋានធំលេខ២) ឬមួកហ្សិកកីពណ៌ខៀវចាស់ធ្វើពីក្រណាត់ ជើងមួក ផ្នែកខាងមុខមានប៉ាក់ក្បាច់ភ្ញីទេសពណ៌មាស។ នៅលើក្បាំងមួកមានប៉ាក់ក្បាច់ភ្ញីទេសពណ៌មាស ពីចុងម្ខាងដល់ចុងម្ខាង និងនៅលើមុខមួកមានប៉ាក់រូបព្រះសង្ហារពណ៌មាសប្រភេទ២។

ដោយឡែក សម្រាប់មន្ត្រីនគរបាលនារី ការប្រើប្រាស់អាវ មានរូបភាពដូចអាវបុរស ប៉ុន្តែកាត់តាមរបៀបជាអាវនារី។ សំពត់ដឺមីស្វារ៉េពណ៌កាគី មានសម្រុងត្រឹមក្រោមក្បាលជង្គង់ ចង្កេះត ខាងមុខមានចាប់ផ្នត់ និងខាងក្រោយមានឆែក ឬខោជើងវែងពណ៌កាគីដូចខោបុរស។ មួកសំបុកដូចមួកឯកសណ្ឋានធំលេខ២ ឬមួកហ្សិកកីពណ៌ខៀវចាស់ដូចមួកបុរស។ ចំណែកសក្តិ ខ្សែក្រវាត់ និងអាវយឺត ដូចសក្តិ ខ្សែក្រវាត់ និងអាវយឺតបុរស។ ស្បែកជើង និងស្រោមជើងដូចឯកសណ្ឋានធំលេខ១។

គួររំលឹកផងដែរថា អនុក្រឹត្យស្តីពី ឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥។ អនុក្រឹត្យនេះ មាន ៩ជំពូក និង៣៦ មាត្រា មានវិសាលភាពអនុវត្តចំពោះមន្ត្រីនគរបាលជាតិកម្ពុជា៕

ដោយលោក សេង បូលីន

Previous Post Next Post