ទន្ទឹមនឹងការព្រួយបារម្ភ ប្រមុខក្រសួងមហាផ្ទៃ ក៏បានគូសបញ្ជាក់ដែរថា សមត្ថកិច្ចកម្ពុជា ក៏បាននឹងកំពុងបំពេញប្រតិបត្តិការយ៉ាងសកម្ម ក្នុងការទប់ស្កាត់ និងបង្ក្រាបបញ្ហាគ្រឿងញៀននេះជាបន្តបន្ទាប់ ជាក់ស្ដែង ចាប់តាំងពីឆ្នាំ២០២៥ កន្លងមក នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកំពង់ឆ្នាំង សមត្ថកិច្ចបង្ក្រាប និងរឹបអូសបានគ្រឿងញៀនសរុបប្រមាណជាង ៥តោន ដែលនឹងត្រូវដុតបំផ្លាញចោលចំពោះមុខប្រជាពលរដ្ឋ នាឱកាសនេះ។
ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា បើពិនិត្យមើលនាពេលបច្ចុប្បន្ន ស្ទើរតែគ្មានគ្រួសារណាមួយដែលមិនរងផលប៉ះពាល់ ឬគ្មានសមាជិកពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននោះឡើយ។ ដូច្នេះ ដើម្បីចូលរួមទប់ស្កាត់ និងលុបបំបាត់បញ្ហានេះឱ្យកាន់មានប្រសិទ្ធភាព មានតែការចូលរួមជាកម្លាំងសរុបពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសការផ្ដើមចេញពីគ្រួសារនីមួយៗ ក្នុងការតាមដាន អប់រំ និងណែនាំកូនចៅ ឱ្យជៀសឆ្ងាយពីគ្រឿងញៀន។
ក្នុងនាមឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តមសន្តិបណ្ឌិត ស សុខា បានអំពាវនាវយ៉ាងទទូចដល់អាជ្ញាធរមានសមត្ថកិច្ច គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ សូមបន្តប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវខ្ពស់ ដោយរួមគ្នាជំរុញ និងអនុវត្តនូវរាល់វិធានការ និងទិសដៅការងារដែលបានដាក់ចេញ ឱ្យទទួលបានលទ្ធផលជាផ្លែផ្កា និងមានប្រសិទ្ធភាពខ្ពស់បំផុត។
សូមបញ្ជាក់ថា សារធាតុញៀន និងសារធាតុគីមី ដែលសមត្ថកិច្ចបង្ក្រាប និងរឹបអូសបាន ត្រូវដុតបំផ្លាញចោលនាឱកាសនោះ មានទម្ងន់សរុបចំនួន ៥តោន ៦២២គីឡូក្រាម ១២៩,៣០ក្រាម។ ក្នុងនោះ រួមមាន៖ សារធាតុញៀន ទម្ងន់ ៤តោន ៦១១គីឡូក្រាម ៨២១,៦៦ក្រាម និងសារធាតុគីមី ទម្ងន់ ១តោន ១០គីឡូក្រាម ៣០៧,៦៤ក្រាម៕
Tags:
ព័ត៌មានជាតិ

.png)
































