ថ្នាក់ដឹកនាំ មន្រ្តីនគរបាលជំនាញប្រតិបត្តិការ និងផ្សព្វផ្សាយជាង ៤ពាន់នាក់ រួមគ្នាបង្កើនការយល់ដឹងអំពីសេចក្ដីណែនាំលេខ ០៧៤ ជាមួយក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ!

ថ្នាក់ដឹកនាំមន្ត្រីនគរបាលជាតិ ចាប់ពីកម្រិតអគ្គស្នងការដ្ឋាន រហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីជំនាញផ្សព្វផ្សាយព័ត៌មានផ្សេងទៀត នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអគ្គនាយកដ្ឋានពន្ធនាគារ សរុបជាង៤៥០០នាក់ បានជួបជុំគ្នាតាមប្រព័ន្ធអនឡាញ (Zoom) ជាមួយក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃដើម្បីផ្សព្វផ្សាយ និងពិគ្រោះបង្កើនការយល់ដឹង អំពីខ្លឹមសារនៃសេចក្ដីណែនាំលេខ០៧៤។



សេចក្តីណែនាំលេខ០៧៤ គឺជាសេចក្ដីណែនាំ ស្តីពីការផ្សព្វផ្សាយព័ត៌មានសន្តិសុខសណ្តាប់ធ្នាប់សង្គម សម្រាប់មន្ត្រីមានសមត្ថកិច្ចក្របខ័ណ្ឌក្រសួងមហាផ្ទៃ ដែលត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីធានាឱ្យបេសកកម្មមន្រ្តីនគរបាលជាតិ កាន់តែមានប្រសិទ្ធភាព និងសង្គតិភាពតាមគន្លងច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងដើម្បី ពង្រឹងបន្ថែមទៀតនូវក្រមសីលធម៌ វិជ្ជាជីវៈនៃការផ្តល់ ឬផ្សព្វផ្សាយព័ត៌មាន នីតិវិធីនៃការស៊ើបអង្កេត ព្រមទាំងសិទ្ធិបុគ្គល។

ពិធីផ្សព្វផ្សាយសេចក្ដីណែនាំលេខ០៧៤ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងមហាផ្ទៃ ដែលមានការធ្វើបទបង្ហាញ និងបកស្រាយ ដោយលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ និងសម្របសម្រួលដោយលោក រ៉េន រតនៈ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស្របតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិបណ្ឌិត និងការយកចិត្តទុកដាក់ដឹកនាំ និងតម្រង់ទិស ពីឯកឧត្តមសន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ នាយកខុទ្ទកាល័យ និងជាប្រធានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ។

គួរកត់សម្គាល់ថា សេចក្ដីណែនាំលេខ០៧៤ ដែលត្រូវបានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ រៀបចំពិធីផ្សព្វផ្សាយនាថ្ងៃនេះ ជាវិធានការសម្រាប់ពង្រឹងប្រសិទ្ធភាព និងការទទួលខុសត្រូវវិជ្ជាជីវៈរបស់មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ក្នុងការផ្តល់ ឬផ្សព្វផ្សាយព័ត៌មានជាសាធារណៈស្របតាមច្បាប់។ សេចក្តីណែនាំនេះមានប្រសិទ្ធភាពអនុវត្តចំពោះមន្ត្រីមានសមត្ថកិច្ចទាំងអស់ លើការងារផ្តល់ ឬផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងកិច្ចប្រតិបត្តិការការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងព័ត៌មានផ្ទៃក្នុងអង្គភាព។

សេចក្ដីណែនាំនេះ មានខ្លឹមសារសំខាន់ៗ មានជាអាទិ៍ មុន ក្នុងពេល និងក្រោយពេលប្រតិបត្តិការ មន្ត្រីត្រូវរក្សាការសម្ងាត់វិជ្ជាជីវៈដាច់ខាត ដោយមិនត្រូវផ្តល់ ឬផ្សព្វផ្សាយព័ត៌មានទៅបុគ្គលគ្មានភារកិច្ច សាធារណជន និងភ្នាក់ងារព័ត៌មានឡើយ។ មន្ត្រីត្រូវអនុវត្តវិធានការជំនាញ និងហាមឃាត់បុគ្គលគ្មានភារកិច្ច ឬភ្នាក់ងារព័ត៌មាននានា មិនឱ្យធ្វើសកម្មភាពណាដែលប៉ះពាល់ដល់សមត្ថកិច្ចជំនាញ ដំណើរការនីតិវិធី និងសិទ្ធិបុគ្គល។

បើតាមសេចក្ដីណែនាំដដែល ក្នុងពេលប្រតិបត្តិការ ហាមដាច់ខាតការថតរូបភាព វីដេអូ សំឡេង និងការផ្សាយផ្ទាល់ (Live) ទោះក្នុងទម្រង់ណាក៏ដោយ។ ប្រធានអង្គភាពត្រូវចាត់តាំងមន្ត្រីជាក់លាក់សម្រាប់ថតទុកជាឯកសារជំនាញ ហើយមន្ត្រីដែលទទួលបានការចាត់តាំងនោះ ក៏មិនត្រូវយកទៅប្រើប្រាស់ផ្ទាល់ខ្លួន ឬផ្សព្វផ្សាយខុសគោលការណ៍ឡើយ។ ចំពោះការសម្ភាសន៍ពេលឃាត់ខ្លួន គឺពេលបង្ក្រាបបទល្មើស និងឃាត់ខ្លួនជនសង្ស័យត្រូវបញ្ជូនទៅការិយាល័យ ឬអង្គភាពជំនាញជាបន្ទាន់ ដោយមិនត្រូវទុកពេលឱ្យមានការថតរូបភាព សំឡេង ឬធ្វើការសម្ភាសន៍ផ្សព្វផ្សាយព័ត៌មានឡើយ។

សម្រាប់ការប្រើប្រាស់រូបភាព និងឬសំឡេង សេចក្ដីណែនាំលេខ០៧៤ បានចង្អុលចំៗថា រាល់រូបភាព វីដេអូ ឬសំឡេងនៃសកម្មភាពការងារជំនាញ គឺសម្រាប់តែបម្រើការងារជំនាញ និងនីតិវិធីតុលាការ ឬពន្ធនាគារតែប៉ុណ្ណោះ និងហាមបុគ្គលក្រៅសំណុំរឿងចូលរួមមើលដាច់ខាត។ ចំណែកបុគ្គលដែលមានសិទ្ធិផ្តល់ព័ត៌មាន គឺមានតែប្រធានអង្គភាព អ្នកនាំពាក្យ ឬប្រធានក្រុមប្រតិបត្តិការដែលទទួលសិទ្ធិប៉ុណ្ណោះ ទើបអាចផ្តល់ ឬផ្សព្វផ្សាយព័ត៌មានទៅកាន់សាធារណជន ឬភ្នាក់ងារព័ត៌មានបាន។ ការសាកសួរ ឬសាកសួរដេញដោលជនសង្ស័យ ជនរងគ្រោះ ឬភាគីពាក់ព័ន្ធ មិនត្រូវអនុញ្ញាតឱ្យធ្វើឡើងនៅចំពោះមុខអ្នកសារព័ត៌មានឡើយ។

សេចក្ដីណែនាំ ក៏បានបញ្ជាក់ដែរថា មន្ត្រីមិនត្រូវផ្តល់ ឬផ្សព្វផ្សាយជាសាធារណៈនូវរបាយការណ៍ ឬឯកសារជំនាញគ្រប់ដំណាក់កាលនីតិវិធី ជូនដល់ភាគីដែលគ្មានសមត្ថកិច្ចក្នុងសំណុំរឿងដាច់ខាត លើកលែងតែមានការសម្រេចពីថ្នាក់ដឹកនាំ។ ករណីទទួលបានការអនុញ្ញាតឱ្យផ្សព្វផ្សាយ ត្រូវបិទបាំងមុខ និងអត្តសញ្ញាណរបស់ជនសង្ស័យ សាក្សី ជនរងគ្រោះ កុមារ និងជនងាយរងគ្រោះ។ ត្រូវជ្រើសរើសរូបភាព/វីដេអូដែលមិនបង្ហាញបច្ចេកទេសជំនាញ ហើយហាមរូបភាព/វីដេអូអាសអាភាស ឬព្រៃផ្សៃ ដែលប៉ះពាល់ដល់សីលធម៌ វប្បធម៌ និងប្រពៃណីជាតិ។

ក្នុងចំណុចទី១១ ដែលជាចំណុចចុងក្រោយ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយនៅថ្នាក់ក្រោមជាតិ សេចក្ដីណែនាំ បានកំណត់ថា រាល់ការចេញរបាយការណ៍ព័ត៌មានសន្តិសុខនៅថ្នាក់ក្រោមជាតិ ត្រូវសុំការអនុញ្ញាតពីថ្នាក់ដឹកនាំមានសមត្ថកិច្ច ឬធ្វើឡើងតាមរយៈក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ឬមន្ត្រីដែលទទួលសិទ្ធិ ដោយត្រូវធានាការពារសិទ្ធិបុគ្គល នីតិវិធីស៊ើបអង្កេត និងចៀសវាងការប៉ះពាល់ដល់ស្ថាប័ន។

បន្ទាប់ពីបានផ្សព្វផ្សាយ និងបកស្រាយ ដោយលើកយកទាំងបទពិសោធជាក់ស្ដែងផងនោះ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបង្ហាញ ក្ដីសង្ឃឹមយ៉ាងមុតមាំថា មន្ត្រីអនុវត្តច្បាប់គ្រប់លំដាប់ថ្នាក់ នឹងបន្តយកចិត្តទុកដាក់ស្វែងយល់បន្ថែមទៀតឱ្យកាន់តែស៊ីជម្រៅអំពីខ្លឹមសារនៃសេចក្តីណែនាំលេខ០៧៤នេះ ដើម្បីរួមគ្នាពង្រឹងវិន័យការងារ លើកកម្ពស់តម្លាភាព និងធានាបាននូវសណ្តាប់ធ្នាប់ ឯកភាពគ្នាក្នុងការផ្តល់ព័ត៌មានទៅកាន់សាធារណជន ស្របតាមចក្ខុវិស័យ និងការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ៕ 


Previous Post Next Post