IPA នឹងចូលរួមផ្សព្វផ្សាយច្បាប់ និងយន្តការដោះស្រាយវិវាទរបស់ក្រសួងយុត្តិធម៌

 IPA នឹងចូលរួមផ្សព្វផ្សាយច្បាប់ និងយន្តការដោះស្រាយវិវាទរបស់ក្រសួងយុត្តិធម៌

ភ្នំពេញ ៖ ថ្នាក់ដឹកនាំសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ទទួលបានការអនុញ្ញាតឱ្យចូលជួបពិភាក្សាការងារជាមួយឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅសាលប្រជុំទីស្តីការក្រសួង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការងារព័ត៌មាន និងច្បាប់។

កិច្ចពិភាក្សានេះ បានផ្តោតលើគោលបំណងសំខាន់ៗ ចំនួន ២ រួមមាន៖ 

ទី១. ការផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ៖ បង្កើនកិច្ចសហការក្នុងការបញ្ជ្រាបចំណេះដឹងផ្នែកច្បាប់ និងបទប្បញ្ញត្តិនានារបស់ក្រសួងយុត្តិធម៌ ឱ្យបានកាន់តែស៊ីជម្រៅ និងទូលំទូលាយដល់សាធារណជន។

ទី២. ការជំរុញយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ៖ ផ្សព្វផ្សាយអំពីតួនាទី និងភារកិច្ចរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលជាយន្តការដ៏មានប្រសិទ្ធភាពក្នុងការជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ បានឆាប់រហ័ស និងកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្តី។

តាមរយៈកិច្ចជំនួបនេះ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ដែលមានអង្គភាពសារព័ត៌មានជាសមាជិក ជាច្រើន នឹងក្លាយជាស្ពានចម្លងព័ត៌មានដ៏សំខាន់ក្នុងការនាំយកព័ត៌មានផ្លូវការពីក្រសួងយុត្តិធម៌ និងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ទៅកាន់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

សូមបញ្ជាក់ថា ថ្នាក់ដឹកនាំ IPA ដែលបានអញ្ជើញចូលរួមក្នុងកិច្ចជំនួបនេះ រួមមាន៖ លោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ លោក ឡុង ឆ័យណាវ ប្រធានក្រុមប្រឹក្សាភិបាល និងលោក គង់ សារិទ្ធិ អនុប្រធាន និងជាអគ្គលេខាធិការសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA)៕





Previous Post Next Post