សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្ដី នៅទីស្ដីការនាយករដ្ឋមន្រ្ដី(វិមានសន្ដិភាព)
នាព្រឹកថ្ងៃសុក្រ ១០រោច ខែផល្គុន ឆ្នាំម្សាញ់មសប្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្ដី នៅទីស្ដីការនាយករដ្ឋមន្រ្ដី(វិមានសន្ដិភាព) ដោយបានពិភាក្សា ឆ្លង និងអនុម័តរបៀបវារៈ ដូចខាងក្រោម៖
១. សេចក្តីព្រាងច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានបង្កើតឱ្យមាននូ
វបទល្មើសព្រហ្មទណ្ឌថ្មី ចំនួន ៥បន្ថែម ដែលមានជាអាទិ៍៖
(១) បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
(២) បទរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា
(៣) បទជ្រើសរើស ឬបណ្តុះបណ្តាលអ្នកដទៃឱ្យចូលរួមប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា
(៤) បទប្រមូលក្នុងចេតនាទុច្ចរិតនូវឯកសារសម្គាល់អត្តសញ្ញាណ ឬឯកសារព័ត៌មានផ្ទាល់ខ្លួននានា
របស់អ្នកដទៃ
(៥) ការបង្កើតទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់
២. ចំណែកនៅលើផ្នែកនីតិវិធីព្រហ្មទណ្ឌ ត្រូវបានកំណត់នូវវិធានពិសេសមួយចំនួន ដូចជា៖
(១) រយៈពេលនៃការឃាត់ខ្លួន
(២) ការផ្អាក ការឃាត់ទុក និងការបង្កក
(៣) ការរឹបអូសទ្រព្យ
(៤) ការមិនទទួលខុសត្រូវព្រហ្មទណ្ឌ ការលើកលែងឱ្យរួចផុតពីទោស និងស្ថានសម្រាលទោស
(៥) ការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ។
សម្តេចធិបតី បានបញ្ជាក់ថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាបញ្ហាតំបន់និងសកលដែលមាន លក្ខណៈស្មុគស្មាញនិងប្រទាក់ក្រឡាគ្នា ហើយកម្ពុជាជាអ្នករងគ្រោះនិងត្រូវខូចឈ្មោះលើឆាកអន្តរជាតិ។
ដូច្នេះ យុទ្ធនាការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬ Scam Online មិនមែនជាសកម្មភាពដែលធ្វើឱ្យល្អមើល ឬធ្វើត្រឹមពិធីបុណ្យចូលឆ្នាំខ្មែរ ដូចមតិមួយចំនួនបានលើកឡើងនោះឡើយ ប៉ុន្តែនេះគឺជាឆន្ទៈពិតប្រាកដរបស់ រាជរដ្ឋាភិបាលក្នុងការបោសសម្អាតផ្ទះរបស់ខ្លួនឱ្យបានស្អាត ពីព្រោះបញ្ហានេះបានប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ និងសេដ្ឋកិច្ចសង្គមកម្ពុជា។
ដូច្នេះរាជរដ្ឋាភិបាលមានឆន្ទៈប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ យ៉ាងម៉ឺងម៉ាត់ ដោយមិនលើកលែងនិងមិនថយក្រោយជាដាច់ខាត។






