រន្ធត់! វិវាទគ្រួសារឈានដល់ការបំផ្ទុះគ្រាប់បែក បណ្តាលឱ្យប្រពន្ធជាគ្រូបង្រៀនស្លាប់ក្នុងបន្ទប់ និងប្តីជាយោធារបួសធ្ងន់ នៅស្រុកអូរជុំ
(ខេត្តរតនគិរី)៖ ករណីហិង្សាក្នុងគ្រួសារយ៉ាងសាហាវឃោរឃៅមួយបានកើតឡើង បណ្តាលឱ្យស្ត្រីជាប្រពន្ធស្លាប់យ៉ាងអាណោចអាធ័មក្នុងថ្លុកឈាម បន្ទាប់ពីបុរសជាប្តីបានបំផ្ទុះគ្រាប់បែកក្នុងផ្ទះ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកភូមិ កាលពីវេលាម៉ោង ៣:៣០ នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិក្រឡា ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី។
យោងតាមរបាយការណ៍បឋមរបស់អធិការដ្ឋាននគរបាលស្រុកអូរជុំ បានឱ្យដឹងថា ជនរងគ្រោះ (ប្រពន្ធ) មានឈ្មោះ រ៉ាវែ សុភា អាយុ ៣២ឆ្នាំ ជនជាតិគ្រឹង មុខរបរជាគ្រូបង្រៀន បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុក្នុងបន្ទប់ដេក។ ចំណែកឯជនបង្ក (ប្តី) មានឈ្មោះ កាទ្រិង កើល អាយុ ៤០ ឆ្នាំ ជនជាតិគ្រឹង មុខរបរជាយោធានៅជួរមុខ បានរងរបួសធ្ងន់ធ្ងរ។
ប្រភពដដែលបានបញ្ជាក់ថា ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងអធិការដ្ឋាននគរបាលស្រុកអូរជុំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ូយ បានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យ និងធ្វើកំណត់ហេតុតាមនីតិវិធី។
មូលហេតុនៃសោកនាដកម្មនេះ ត្រូវបានសមត្ថកិច្ចសន្និដ្ឋានជាបឋមថា បណ្តាលមកពី "បញ្ហារកាំរកូសក្នុងគ្រួសារ" ដែលឈានដល់ការសម្រេចចិត្តប្រើប្រាស់គ្រឿងផ្ទុះបញ្ចប់បញ្ហា។
បច្ចុប្បន្ន សពស្ត្រីរងគ្រោះត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណីទាំងក្តីរន្ធត់បំផុត។ ដោយឡែក ជនបង្កជាប្តី ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីសំណាក់មន្ត្រីជំនាញ ដើម្បីបន្តនីតិវិធីច្បាប់ក្រោយពេលជាសះស្បើយ៕





