ឯកឧត្តម ខាន់ ម៉ាណេរ ប្រគល់អំណោយសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ជូនពលរដ្ឋជិត ៣ពាន់គ្រួសារ នៅខេត្តបន្ទាយមានជ័យ

 ឯកឧត្តម ខាន់ ម៉ាណេរ ប្រគល់អំណោយសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ជូនពលរដ្ឋជិត ៣ពាន់គ្រួសារ នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ នេះ ក្រុមក្រឡាហោមមនុស្សធម៌ ដឹកនាំដោយឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម ចន្ទ សុផល អ្នកតំណាងរាស្រ្ត បាននាំយកអំណោយសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង  និងលោកជំទាវ ចែកជូនប្រជាពលរដ្ឋ ជាជនភៀសសឹកស្នាក់នៅបណ្តោះអាសន្ន នៅក្នុងវត្តចាន់ស៊ី ស្រុកអូរជ្រៅ ចំនួន ១ ២៧៧គ្រួសារ និងស្នាក់នៅក្នុងវត្តកណ្តោល ស្រុកថ្មពួក ចំនួន ១ ៦៨៦គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ។

អំណោយសម្តេចក្រឡាហោម និងលោកជំទាវ ដែលចែកជូនប្រជាពលរដ្ឋ នាឱកាសនោះក្នុងមួយគ្រួសារៗ ទទូលបាន៖ អង្ករ ចំនួន ១ការ៉ុង, មី ចំនួន ២កេស, ត្រីខកំប៉ុង ចំនួន ១យួរ, ទឹកស៊ីអ៉ីវ ចំនួន ៦ដប, ទឹកត្រី ចំនួន ៦ដប, ក្រម៉ាខ្មែរឆ និងទឹកសុទ្ធដបធំ ចំនួន ១កេសផងដែរ។

មានមតិសំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម ខាន់ ម៉ាណេរ បាននាំយកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចក្រឡាហោម ស ខេង ដល់ប្រជាពលរដ្ឋដែលជាជនភៀសសឹកទាំងអស់ និងសូមការអធ្យាស្រ័យដែលសម្តេច មិនបានមកជួបផ្ទាល់ ដោយមានការងារចាំបាច់នៅរាជធានីភ្នំពេញ។ 

ជាមួយគ្នានោះ ឯកឧត្តម ខាន់ ម៉ាណេរ ក៏អំពាវនាវឱ្យប្រជាពលរដ្ឋ បន្តការជឿជាក់លើរាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី និងបន្តយកចិត្តទុកដាក់លើការរស់នៅរបស់ខ្លួន ព្រមទាំងបន្តដោះស្រាយតាមសន្តិវិធីដើម្បីទាមទារការពារបូរណភាពទឹកដី៕






Previous Post Next Post