ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា កោតសរសើរក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលបន្តខិតខំព្យាបាលពលរដ្ឋ ក្រោយដកឃ្លាមួយរយៈ ក្នុងកាលៈទេសៈកម្ពុជា រងការឈ្លានពានពីយោធាថៃ!
ព្រៃវែង ៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ដែលបន្តចុះព្យាបាលជំងឺជូនពលរដ្ឋ ក្រោយពីការដកឃ្លាមួយរយៈ ក្នុងកាលៈទេសៈកម្ពុជា រងអំពើឈ្លានពានដែនអធិបតេយ្យពីយោធា និងរដ្ឋាភិបាលថៃ។ ការថ្លែងបែបនេះ បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត បានអញ្ជើញជាអធិបតីពិធីពិនិត្យនិងព្យាបាលជំងឺ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ នៅស្រុកបាភ្នំ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ផ្ដាំផ្ញើនិងសួរសុខទុក្ខពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចជាកាលសម្ដេចធិបតី តែងតែខ្វាយខ្វល់និងយកចិត្តទុកដាក់ខ្ពស់ទៅលើសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសុខភាពកុមារតូចៗផងដែរ។ ដូច្នេះតាមរយៈការគិតគូរ និងការយកចិត្តទុកដាក់នេះ បានធ្វើឱ្យតាមបណ្ដាមូលដ្ឋានទូទាំងប្រទេស បង្កើតឱ្យមានក្រុមគ្រូស្ម័គ្រចិត្ត ដើម្បីពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។
គួររម្លឹកថា ក្នុងឆ្នាំ២០២៥ កន្លងទៅ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បានចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ចំនួន ១៨លើក មាន ១២ក្រុង ស្រុក គឺក្រុងព្រៃវែង ស្រុកពាមជរ ស្រុកស៊ីធរកណ្ដាល ស្រកពារាំង ស្រុកកំចាយមារ ស្រុកពាមរក៍ ស្រុកមេសាង ស្រុកព្រះស្ដេច ស្រុកកំពង់ត្របែក ស្រុកពោធិ៍រៀង និងស្រុកបាភ្នំ ដែលបានធ្វើការពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋចំនួន ៦៣.៨៧៣នាក់ ស្ត្រី ៤០.៥៤៩នាក់៕
























