សមត្ថកិច្ចខេត្តព្រះសីហនុ ច្រានចោលការចោទប្រកាន់ថា សមត្ថកិច្ចទាមទារប្រាក់ផាកពិន័យចំនួន ២លានរៀល ដោយមិនចេញវិក័យបត្រ!

 សមត្ថកិច្ចខេត្តព្រះសីហនុ ច្រានចោលការចោទប្រកាន់ថា សមត្ថកិច្ចទាមទារប្រាក់ផាកពិន័យចំនួន ២លានរៀល ដោយមិនចេញវិក័យបត្រ! 

ខេត្តព្រះសីហនុ ៖ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបន្តអនុវត្តវិធានការត្រួតពិនិត្យជាតិអាល់កុល នៅតាមដងផ្លូវសាធារណៈ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។



ជាប្រចាំ សមត្ថកិច្ចចរាចរណ៍ខេត្តព្រះសីហនុ បានធ្វើការអប់រំ ផ្សព្វផ្សាយ និងណែនាំអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់ប្រជាពលរដ្ឋ នៅតាមសាលារៀន និងទីសាធារណៈនានា ដើម្បីបង្កើនការយល់ដឹង និងការគោរពច្បាប់។

ជាក់ស្តែង នៅយប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បានដាក់គោលដៅត្រួតពិនិត្យជាតិអាល់កុល នៅលើផ្លូវ២៨មិថុនា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយបានពិនិត្យ និងណែនាំរថយន្ត និងម៉ូតូជាច្រើនគ្រឿង។

ក្នុងអំឡុងពេលត្រួតពិនិត្យ សមត្ថកិច្ចបានរកឃើញរថយន្តមួយគ្រឿង ម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BW-6130 បើកបរដោយបុរសជនជាតិចិនម្នាក់ ដែលមានជាតិអាល់កុលក្នុងខ្លួនចំនួន 0,68 មីលីក្រាមក្នុងមួយលីត្រខ្យល់។ សមត្ថកិច្ចបានឃាត់ឲ្យអ្នកបើកបរនៅកន្លែងសិន រហូតដល់ស្ថានភាពស្វាង ទើបបានសម្របសម្រួលឲ្យត្រឡប់ទៅផ្ទះវិញ ដើម្បីធានាសុវត្ថិភាព។

ទោះជាយ៉ាងណា ក្នុងពេលសមត្ថកិច្ចកំពុងបំពេញភារកិច្ច ស្រាប់តែមានស្ត្រី២នាក់ បានធ្វើសកម្មភាពថតវីដេអូ ឡូឡា និងរំខានដល់ការងាររបស់សមត្ថកិច្ច ដោយព្យាយាមរំដោះជនជាតិចិនខាងលើ ព្រមទាំងជេរប្រមាថ មើលងាយកងកម្លាំងសមត្ថកិច្ច និងមានអាកប្បកិរិយាទំនងជាស្រវឹងផងដែរ។ វីដេអូនេះ ត្រូវបានបង្ហោះផ្សព្វផ្សាយលើបណ្តាញសង្គម បង្កការភ្ញាក់ផ្អើលជាសាធារណៈ។

បន្ថែមពីនេះ មានគណនីបណ្តាញសង្គមមួយឈ្មោះ “ប្លែកៗចាប់អារម្មណ៍” បានបង្ហោះព័ត៌មានចោទប្រកាន់ថា សមត្ថកិច្ចទាមទារប្រាក់ផាកពិន័យចំនួន ២លានរៀល ដោយមិនចេញវិក័យបត្រ។ ចំពោះករណីនេះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមបញ្ជាក់ថា ព័ត៌មានខាងលើមិនមែនជាការពិតនោះទេ ហើយសមត្ថកិច្ចមិនបានទទួលប្រាក់ពីជនណាម្នាក់ឡើយ។


ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមអញ្ជើញម្ចាស់គណនីបណ្តាញសង្គមដែលបានបង្ហោះព័ត៌មានខាងលើ មកបំភ្លឺនៅស្នងការដ្ឋាន ប្រសិនបើមានភស្តុតាងច្បាស់លាស់ ពាក់ព័ន្ធនឹងករណីនេះ។

Previous Post Next Post