អាជីវករ និងពលរដ្ឋផ្សារព្រែកសណ្តែក ផ្ទុះការតវ៉ាស្នើសុំឱ្យម្ចាស់ភាស៊ីផ្អាកការសាងសង់សំណង់រឹងដែលបិទផ្លូវកំពង់ចម្លង ខណៈម្ចាស់ភាស៊ីអះអាងថា ខ្លួនក៏មិនចង់ដែរ តែដោយសារមានការអនុញ្ញាត

 អាជីវករ និងពលរដ្ឋផ្សារព្រែកសណ្តែក ផ្ទុះការតវ៉ាស្នើសុំឱ្យម្ចាស់ភាស៊ីផ្អាកការសាងសង់សំណង់រឹងដែលបិទផ្លូវកំពង់ចម្លង ខណៈម្ចាស់ភាស៊ីអះអាងថា ខ្លួនក៏មិនចង់ដែរ តែដោយសារមា
នការអនុញ្ញាត 

(ខេត្តព្រៃវែង)៖ ក្រុមអាជីវករ និងប្រជាពលរដ្ឋដែលអាស្រ័យផលនៅតំបន់ផ្សារព្រែកសណ្តែក ស្រុកស៊ីធរកណ្តាល បានផ្ទុះការតវ៉ាប្រឆាំងនឹងសកម្មភាពសាងសង់សំណង់រឹងរបស់ម្ចាស់ភាស៊ីផ្សារ ដោយបារម្ភថា សំណង់នេះនឹងបិទជិតផ្លូវចុះឡើងនៃកំពង់ចម្លងសមាគម ដែលជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ឆ្លងកាត់រវាងខេត្តព្រៃវែង និងខេត្តកំពង់ចាម។



លោកស្រី ណៃ រម្យមុន្នី តំណាងអាជីវករដែលរស់នៅឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម បានលើកឡើងថា ក្នុងនាមរូបលោកស្រីជាអ្នកមករកស៊ីលក់ដូរនៅផ្សារព្រែកសណ្តែក និងជាតំណាងពលរដ្ឋនៅត្រើយខាងស្រុកកោះសូទិន លោកស្រីសូមស្នើឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ មេត្តាជួយអន្តរាគមន៍ផ្អាកការសាងសង់សំណង់រឹងរបស់លោក សេង វ៉ា ដែលជាម្ចាស់ភាស៊ីផ្សារ។ លោកស្រីបានបញ្ជាក់ថា ការសាងសង់នៅចំណុចនេះ មិនត្រូវបានដឹងឮ ឬទទួលបានការគាំទ្រពីសំណាក់អាជីវករ និងពលរដ្ឋឡើយ ព្រោះទីតាំងនេះជាចំណុចយុទ្ធសាស្ត្រសម្រាប់កំពង់ចម្លងឡើងចុះ ដែលគ្រប់គ្រងដោយសមាគមត្រើយខាងស្រុកកោះសូទិន ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរឆ្លងកាត់ទៅវិញទៅមករបស់មហាជន។




ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ លោក សេង វ៉ា ម្ចាស់ភាស៊ីផ្សារព្រែកសណ្តែក បានបកស្រាយប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នេះថា ការដែលលោកសម្រេចចិត្តសាងសង់សំណង់រឹងធ្វើជាស្នាក់ការផ្សារនេះ គឺដោយសារមានការឯកភាពពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រៃវែងរួចរាល់ហើយ ទោះបីជាក្នុងចិត្តលោកផ្ទាល់មិនសូវចង់ធ្វើបែបនេះក៏ដោយ។





ដោយសង្កេតឃើញនូវការតវ៉ាកាន់តែខ្លាំងក្លា រវាងក្រុមអាជីវករ និងម្ចាស់ភាស៊ី នៅព្រឹកថ្ងៃដដែលនោះ អាជ្ញាធរខេត្តព្រៃវែង ដឹកនាំដោយលោក ស្រេង វ៉ន អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត រួមជាមួយលោក តុង ប្រុស អភិបាលរងស្រុកស៊ីធរកណ្តាល និងអាជ្ញាធរឃុំពាក់ព័ន្ធទាំងសងខាង បានចុះមកសម្របសម្រួលដោយផ្ទាល់។ ក្នុងកិច្ចប្រជុំដោះស្រាយបញ្ហានេះ អាជីវករ និងអាជ្ញាធរមូលដ្ឋានខាងស្រុកកោះសូទិន នៅតែរក្សាជំហរដាច់ខាតមិនឱ្យមានការសាងសង់សំណង់រឹងបិទផ្លូវនៅទីនេះឡើយ។



ជាលទ្ធផល បន្ទាប់ពីទទួលបានសំណូមពរដ៏ទទូចពីភាគីពាក់ព័ន្ធ លោក ស្រេង វ៉ន និងលោក តុង ប្រុស បានសម្រេចកសាងកំណត់ហេតុ និងប្រមូលយកសំណើរបស់ប្រជាពលរដ្ឋទាំងអស់ ដើម្បីដាក់ជូនទៅថ្នាក់ខេត្តពិនិត្យ និងសម្រេចដោះស្រាយជាផ្លូវការនៅពេលក្រោយ ដោយសន្យាថានឹងរក្សានូវផលប្រយោជន៍រួមជាធំ៕








Previous Post Next Post