ឯកឧត្តមអភិសន្តិបណ្ឌិត
ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
បានផ្តល់អនុសាសន៍ណែនាំឱ្យគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)
បន្តខិតខំបើកវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយ ឱ្យអស់លទ្ធភាព
ដើម្បីលើកកម្ពស់ការយល់ដឹងបន្ថែមទៀតអំពីអនុសញ្ញាប្រឆាំងទារុណកម្ម
និងពិធីសារបន្ថែមនៃអនុសញ្ញានិងលិខិតុបករណ៍អន្តរជាតិផ្សេងៗទៀតពាក់ព័ន្ធការគោរពសិទ្ធិមនុស្ស
ព្រមទាំងបទបញ្ញត្តិទាំងឡាយរបស់ច្បាប់ជាតិជាធរមាន ដល់អាជ្ញាធរមានសមត្ថកិច្ច
និងមន្ត្រីកំពុងបំពេញតួនាទី ជាអ្នកគ្រប់គ្រងកន្លែងឃាត់ខ្លួន
និងឃុំខ្លួនជនដែលត្រូវបានដកហូតសេរីភាព។
ការថ្លែងជំរុញណែនាំនេះ
បានធ្វើឡើងក្នុងឱកាសឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី
អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពិធីប្រកាសចូលកាន់មុខតំណែងប្រធាន
និងអនុប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម នាព្រឹកថ្ងៃទី១២ ខែមករា
ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ។ ពិធីនេះ
មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំសមាជិក
និងសមាជិកានៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម
ព្រមទាំងតំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ
ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា សរុបចំនួន ១៥០រូប។
ក្នុងឱកាសនោះដែរ
ឯកឧត្តមអភិសន្តិបណ្ឌិត
ក៏បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការដ៏សកម្មនាពេលកន្លងមក
និងបន្តមកដល់បច្ចុប្បន្ន រវាងគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម
និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ
ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដែលបានបញ្ជូនមន្ត្រីជំនាញ
មកជួយបណ្តុះបណ្តាលដល់មន្ត្រីលេខាធិការដ្ឋាន
និងថ្នាក់ដឹកនាំរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម
អំពីនីតិវិធីសំខាន់ៗក្នុងការងារស្រាវជ្រាវ ស៊ើបអង្កេតករណីសង្ស័យថា
មានទារុណកម្ម។
ប្រមុខក្រសួងមហាផ្ទៃ
ក៏បង្ហាញក្តីរីករាយនិងសាទរឯកឧត្តម សៀង ឡាប្រេស្ស
ដែលត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ជំនួសឯកឧត្តម
នុត សាអាន អតីតប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងឯកឧត្តម ម៉ក់
សម្បត្តិ ជាអនុប្រធាន តាមព្រះរាជក្រឹត្យលេខ ១២២៥/១៦៩៥ នស.រកត.។ ជាងនេះទៅទៀត
ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ជឿជាក់ថា
គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងមានសមត្ថភាពកាន់តែរឹងមាំ និងសកម្ម
ក្នុងការពារជនទាំងឡាយដែលត្រូវបានដកហូតសេរីភាព
ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលកម្ពុជា
ចូលជារដ្ឋភាគីនៃពិធីសារបន្ថែមនិងអនុសញ្ញាប្រឆាំងទារុណកម្ម
ក្នុងការលើកស្ទួយសិទ្ធិមនុស្ស និងពង្រឹងនីតិរដ្ឋនៅកម្ពុជា។
គួររំលឹកថា
គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ហៅកាត់ថា (គ.ជ.ប.ទ)
គឺជាគណៈកម្មាធិការថ្មីមួយ
ដែលត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យស្តីពីការបង្កើតគណៈកម្មការជាតិប្រឆាំងទារុណកម្ម
អំពើឃោរឃៅ អំពើអមនុស្សធម៌ អំពើធ្វើទុក្ខបុកម្នេញ ឬទណ្ឌកម្ម។
គណៈកម្មាធិការនេះ មានគោលដៅបង្ការ និងប្រឆាំងរាល់ការធ្វើទារុណកម្ម
និងអំពើផ្សេងៗទៀត ដើម្បីពង្រឹងការពារជនទាំងឡាយ
ដែលត្រូវបានដកហូតសេរីភាពឱ្យរួចផុតពីការធ្វើទារុណកម្ម។ គ.ជ.ប.ទ
មានវិសាលភាពអនុវត្តសកម្មភាពរបស់ខ្លួននៅគ្រប់កន្លែងឃុំឃាំងជនទាំងឡាយក្នុងព្រះរាជាណាចក្រកម្ពុជា៕









